យោងតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប្រកាសពីដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយការនាំចេញបន្លែ និងផ្លែឈើរបស់ខ្លួន បានកើនឡើងយ៉ាងគំហុក រហូតឈានដល់ជាង ៧,០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១០ ខែ ដើមឆ្នាំ ២០២៥ នេះ ដែលជាកំណើន ១៥,១% បើធៀបនឹងឆ្នាំមុន។

កំណើនដ៏រឹងមាំនេះ បាននិងកំពុងជំរុញឱ្យឧស្សាហកម្មបន្លែ និងផ្លែឈើរបស់វៀតណាម អាចសម្រេចបាននូវកំណត់ត្រាថ្មីមួយ ជាមួយនឹងតម្លៃនាំចេញសរុប ៨,៥ ប៊ីលានដុល្លារអាមេរិក សម្រាប់ពេញមួយឆ្នាំ។ ភាពជោគជ័យនេះ កើតឡើងស្របពេលដែលវៀតណាម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាព ពង្រីកទីផ្សារ និងសម្របខ្លួនទៅតាមបទប្បញ្ញត្តិនាំចូលថ្មីៗ ជាពិសេសពីទីផ្សារប្រទេសចិន។
បច្ចុប្បន្ន ប្រទេសចិន នៅតែបន្តជាទីផ្សារនាំចូលបន្លែផ្លែឈើធំជាងគេបង្អស់របស់វៀតណាម ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឈរនៅលំដាប់បន្ទាប់។ គួរកត់សម្គាល់ផងដែរថា ការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃ ក៏បានបង្ហាញពីកំណើនដ៏ខ្លាំងក្លាមួយផងដែរសម្រាប់វៀតណាម។
យោងតាមរបាយការណ៍ពីសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានឱ្យដឹងថា កំណើនដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យនេះ ត្រូវបានជំរុញយ៉ាងសំខាន់ដោយសារតែផ្លែឈើជាយុទ្ធសាស្ត្រមួយចំនួនដូចជា ទុរេន ចេក ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ Vinafruit បានអះអាងថា ការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផ្លែទុរេន បានក្លាយជាកត្តាដ៏សំខាន់ដែលធ្វើឱ្យការនាំចេញបន្លែផ្លែឈើទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបានសម្តែងក្តីរំពឹងថា ការនាំចេញទុរេននៅឆ្នាំនេះ អាចនឹងកើនលើស ៣ ប៊ីលានដុល្លារអាមេរិក ទោះបីជាកន្លងមកធ្លាប់មានឧបសគ្គមួយចំនួនលើការនាំចេញទៅកាន់ប្រទេសចិនក៏ដោយ។
ក្រៅពីទីផ្សារប្រទេសចិន វៀតណាមក៏បានពង្រីកការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារសំខាន់ៗជាច្រើនទៀតផងដែរ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងអូស្ត្រាលីជាដើម។
