ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការដ៏សំខាន់របស់គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឈានដល់ជំហានថ្មីមួយទៀត ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យកាន់តែស៊ីជម្រៅ។ ជំហាននេះ គឺផ្តោតលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការងារជំរឿនមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់ដ៏ច្បាស់លាស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការងារជំរឿនមន្ត្រីរាជការនេះ មិនមែនជាលើកទីមួយឡើយ ពោលគឺធ្លាប់បានអនុវត្តរួចមកហើយចំនួន ៣ លើក គឺនៅឆ្នាំ១៩៩៥ ឆ្នាំ១៩៩៩ ដល់២០០១ និងឆ្នាំ២០១០។ សម្រាប់លើកទី៤នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដែលត្រូវបានប្រកាសបើកយុទ្ធនាការផ្លូវការ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីថ្នាក់ដឹកនាំកំពូលៗ រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជំរឿននៅតាមបណ្តាក្រសួង-ស្ថាប័ននានា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា សម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាន។

ដំណើរការជំរឿនដ៏ធំនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមផ្នែកនីមួយៗ៖
– ចំពោះក្រសួង-ស្ថាប័នទាំង ៣១ នឹងចាប់ផ្តើមពីក្រសួងមុខងារសាធារណៈផ្ទាល់តែម្តង។
– សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
– រីឯអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ នៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ចតុមុខ។

តាមរយៈការធ្វើជំរឿននេះ រដ្ឋាភិបាលរំពឹងថា នឹងទទួលបានលទ្ធផលជាផ្លែផ្កាដូចខាងក្រោម៖
១. ទទួលបានទិន្នន័យមន្ត្រីរាជការដែលច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់រួមគ្នាតែមួយ ប្រកបដោយប្រសិទ្ធភាព។
២. ទិន្នន័យដ៏ច្បាស់លាស់ទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឲ្យកាន់តែច្បាស់លាស់ ការរៀបចំផែនការមន្រ្តីប្រកបដោយភាពជាក់លាក់ ការជ្រើសរើសបំពេញកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍសមត្ថភាព និងការពង្រាយមន្ត្រីឲ្យត្រូវតាមជំនាញ។
៣. ទិន្នន័យដែលទទួលបានពីការធ្វើជំរឿន នឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ឬមូលដ្ឋានទិន្នន័យ (database) ដែលនឹងផ្តល់ភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងារដូចជា ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម។
៤. ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកាជាតិផងដែរ។

ការធ្វើជំរឿននេះ ក៏ជាការអនុវត្តជាក់ស្តែងនូវអភិក្រម «ការរៀបចំផ្ទះ ឲ្យបានរៀបរយ» ដែលជាទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ក្រសួងក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ទាំងកិច្ចការងារជំរឿនបច្ចុប្បន្ន និងការវិភាគមុខងារកន្លងមក គឺមិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឬការសើរើឯកសារចាស់ៗរបស់មន្ត្រីរាជការ ដើម្បីដាក់វិន័យ ឬធ្វើការវះកាត់នោះទេ។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្រសួងបានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងក្រសួង-ស្ថាប័ន និងអង្គភាពគោលដៅ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យមានការសហការ ចូលរួមអនុវត្ត និងទទួលខុសត្រូវរួមគ្នាក្នុងកិច្ចការដ៏សំខាន់នេះ។ ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល គឺពិតជាមិនអាចខ្វះបាន ក្នុងការបោះជំហានឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ហើយកាន់តែមានភាពធន់ ព្រមទាំងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀតលើឆាកអន្តរជាតិ ប្រកបដោយកម្លាំងថាមពល ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




ដោយ ៖ សិលា
