រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានធ្វើដំណើរចុះទៅជួបកងទ័ពនៅតំបន់ជម្លោះព្រំដែនទល់មុខខេត្តព្រះវិហារ ហើយបានប្រកាសយ៉ាងច្បាស់ៗថា នឹងលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទៀតហើយ។ ការប្រកាសនេះបានធ្វើឲ្យស្ថានការណ៍ព្រំដែនឡើងកម្ដៅជាថ្មី។
ភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមទាំងមេទ័ពកំពូលរបស់ខ្លួន បានសម្តែងការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះជំហររបស់ថ្នាក់ដឹកនាំថៃ ដោយទទូចឲ្យភាគីថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។
មជ្ឈដ្ឋានអន្តរជាតិ ជាពិសេសគេកំពុងរង់ចាំមើលប្រតិកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា តើនឹងមានចំណាត់ការបែបណា ចំពោះទង្វើដ៏គឃ្លើនរបស់ថៃនេះ។
ទាក់ទងនឹងហេតុការណ៍ទាហានថៃជាន់មីនកន្លងមក លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ទាហានថៃដែលរងគ្រោះដោយសារមីននោះ មានបំណងចង់រាយលួសបន្លាបន្ថែមទៀតនៅលើទឹកដីខ្មែរ។
ប្រភពពីកងទ័ពកម្ពុជាបានឲ្យដឹងបន្ថែមថា ទាហានថៃទាំងពីររូបដែលជាន់មីនកាលពីថ្ងៃចន្ទនោះ គឺបានលួចជ្រៀតចូលមកក្នុងទឹកដីកម្ពុជាម្តងទៀត ក្នុងគោលបំណងរាយលួសបន្លានៅតំបន់វាលឥន្ទ្រី ស្ថិតនៅខាងលិចប្រាសាទព្រះវិហារ ដែលជាអតីតតំបន់ឈរជើងរបស់ខ្មែរក្រហម។
ជុំវិញករណីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ ដោយបញ្ជាក់ថា គ្រាប់មីនដែលទាហានថៃជាន់នោះ គឺជា «មីនចាស់» ដែលនៅសេសសល់តាំងពីទសវត្សរ៍៧០ និង៨០ ឯណោះ។
បណ្ឌិត ម៉េង ប៊ៀល អ្នកតាមដានប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា ហេតុការណ៍ជាន់មីននេះ គឺជាភស្តុតាងដ៏រឹងមាំមួយដែលបង្ហាញថា ភាគីថៃបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនជ្រៀតចូលទឹកដីកម្ពុជាម្តងហើយម្តងទៀត។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «ទាហានថៃអាចបន្តភូតកុហកប្រជាជនថៃបាន ប៉ុន្តែប្រទេសថៃបានបាត់បង់តម្លៃនៃភាពស៊ីវីល័យជាមនុស្សជាតិនៅក្នុងតំបន់អាស៊ីទៅហើយ»។
រាយការណ៍ដោយ៖ សិលា
