(គូឡាឡាំពួ)៖ លោក Mohamad Nizam Jaffar ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បានប្រកាសយ៉ាងមុតមាំកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាការបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star របស់ម៉ាឡេស៊ី។
ក្នុងនាមជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ លោក Nizam Jaffar បានបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តរក្សាគោលជំហររបស់ខ្លួនក្នុងការត្រួតពិនិត្យដំណើរការសន្តិភាព និងបទឈប់បាញ់ឱ្យដំណើរការទៅមុខតាមផែនការដែលបានកំណត់។ លោកបានសង្កត់ធ្ងន់ថា «គោលដៅចម្បងរបស់យើង គឺដើម្បីធានាថាកិច្ចព្រមព្រៀងសន្តិភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ អាចសម្រេចបានដោយជោគជ័យ។ នេះជាការទទួលខុសត្រូវមួយផ្នែករបស់យើងក្នុងនាមជាសមាជិកអាស៊ាន ដើម្បីជួយ និងធានាថាសន្តិភាពក្នុងតំបន់ត្រូវបានថែរក្សា»។

លោក Nizam Jaffar ក៏បានបន្ថែមទៀតថា គោលជំហររបស់ម៉ាឡេស៊ី គឺធានាឱ្យបានថាដំណើរការសន្តិភាពនឹងបន្តទៅមុខដោយរលូន និងគ្មានការរំខានណាមួយឡើយ។ លោកបានព្រមានថា ការរំខានណាមួយអាចនឹងបង្កហានិភ័យនៃការវិលត្រឡប់ទៅរកភាពតានតឹងជាថ្មីរវាងប្រទេសទាំងពីរ ដែលនឹងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ទាំងមូល៕
