ក្រចេះ ៖ ក្នុងរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបំពេញបេសកកម្មបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយផ្តល់សេវាសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុប រហូតដល់ ៥៩០.៤៧២.៣០០រៀល។ នេះបើតាមរបាយការណ៍វឌ្ឍនភាពការងារ ដែលទទួលបានពីរដ្ឋបាលខេត្តក្រចេះ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមសេវាទាំងអស់ សេវាដែលប្រជាពលរដ្ឋស្នើសុំច្រើនជាងគេ រួមមាន៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១.៤៣៤សេវា, វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចំនួន ៨១៣សេវា (ក្នុងនោះ ៤៦០សេវា តាមប្រព័ន្ធអនឡាញ), វិស័យសាធារណការ និងដឹកជញ្ជូន ចំនួន ៥៤៣សេវា, វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន ១៣២សេវា, ការងារនីត្យានុកូលកម្ម ចំនួន ៨១សេវា, វិស័យព័ត៌មាន ចំនួន ៣១សេវា, វិស័យសុខាភិបាល ចំនួន ២៤សេវា, វិស័យទេសចរណ៍ ចំនួន ១៦សេវា, ការងាររដ្ឋបាល ចំនួន ១០សេវា និងវិស័យរ៉ែ និងថាមពល មានចំនួន ៩សេវា។

ស្របពេលជាមួយគ្នានេះ សម្រាប់ការិយាល័យច្រកចេញចូលតែមួយ ទាំង៧ ក្រុង/ស្រុក ក្នុងខេត្តក្រចេះ ក៏បានបម្រើសេវាជូនប្រជាពលរដ្ឋបានចំនួន ៨៣.១៣៥សេវា ដោយរកចំណូលបានសរុប ៩០.៧២៨.២៣៣រៀល។ ចំណែកឯយន្តការច្រកចេញចូលតែមួយ នៅតាមឃុំ សង្កាត់ ក៏បានផ្តល់សេវាដល់ប្រជាពលរដ្ឋចំនួន ៣៥.៧២៣សេវា និងទទួលបានចំណូលសរុប ៥៦.៥៤០.២៣៦រៀលផងដែរ។
គួរបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រចេះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តែងតែជំរុញ និងលើកទឹកចិត្តដល់គ្រប់យន្តការច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពល្អបំផុត ដោយផ្តោតសំខាន់លើការកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះឯកសារ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការបម្រើសេវាសាធារណៈ។
ចំពោះការផ្តល់សេវានេះដែរ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះល្បឿនរហ័សទាន់ចិត្ត និងភាពមិនស្មុគស្មាញនៃការបំពេញបែបបទ។ មន្ត្រីទទួលបន្ទុកក៏តែងតែផ្តល់ការពន្យល់ណែនាំ និងសម្របសម្រួលបានយ៉ាងល្អ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅ។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីរដ្ឋបាលខេត្តក្រចេះ។
ដោយ៖ សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ
