ក្រសួងព័ត៌មាន បង្កើនសមត្ថភាពមន្ត្រីព័ត៌មាន ដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយ

ក្រសួងព័ត៌មាន បង្កើនសមត្ថភាពមន្ត្រីព័ត៌មាន ដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយ

ភ្នំពេញ៖ ក្រសួងព័ត៌មាន បាននិងកំពុងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួនយ៉ាងសកម្ម លើការងារបង្ការ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដើម្បីធានាថាការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនមានភាពច្បាស់លាស់ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងមុន ក្នុង និងក្រោយពេលគ្រោះមហន្តរាយកើតឡើង។
រូបភាពពាក់ព័ន្ធ

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលស្តីពីការបង្ការហានិភ័យគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណងគឺដើម្បីផ្តល់នូវចំណេះដឹង បទពិសោធន៍ និងជំនាញថ្មីៗដល់មន្ត្រីបង្គោល ព្រមទាំងយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព។
រូបភាពពាក់ព័ន្ធ

លោករដ្ឋលេខាធិការ​បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានពិត ប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងជួយឱ្យស្ថាប័នពាក់ព័ន្ធអាចចាត់វិធានការបានឆាប់រហ័សនៅតាមតំបន់រងគ្រោះ។ ការផ្សាយព័ត៌មានត្រឹមត្រូវ គឺជាការរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ លោកមានជំនឿថា តាមរយៈសិក្ខាសាលានេះ មន្ត្រីទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗលើការគ្រប់គ្រងព័ត៌មាន និងយុទ្ធសាស្ត្រផ្សព្វផ្សាយ ដើម្បីអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
រូបភាពពាក់ព័ន្ធ

ជាមួយគ្នានេះ លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលរឹងមាំ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងហានិភ័យគ្រោះមហន្តរាយចម្រុះ រួមមានទាំងគ្រោះធម្មជាតិដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស ឬបច្ចេកវិទ្យាជាដើម។
រូបភាពពាក់ព័ន្ធ

លោក គីម វីរៈ ក៏បានបង្ហាញនូវជំនឿចិត្តថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ សិក្ខាកាមទាំងអស់នឹងទទួលបានជំនាញថ្មីមួយកម្រិតទៀត ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធព័ត៌មានជាតិក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែប្រសើរឡើង៕ ដោយ​៖តារា

administrator

Related Articles