ភ្នំពេញ ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដ៏សំខាន់នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីនគរបាលជាន់ខ្ពស់ ប្រមាណ ៤០០ នាក់ផងដែរ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងច្បាស់លាស់ គឺដើម្បីពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែរឹងមាំ លើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ ស្របតាមគោលការណ៍កំណែទម្រង់ និងទំនើបកម្ម ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងការរីកចម្រើនរបស់សង្គមជាតិ។
ថ្លែងក្នុងពិធី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុក្រឹត្យនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានជំរុញយ៉ាងទទូចដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ រួមទាំងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងការផ្សព្វផ្សាយអនុក្រឹត្យនេះឱ្យបានទូលំទូលាយបំផុត ដល់មន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ មុនដំណាច់ឆ្នាំ២០២៥ ដើម្បីធានាថាគ្រប់គ្នាបានយល់ដឹងច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។
អនុក្រឹត្យដ៏សំខាន់នេះ មាន ៩ ជំពូក ១៣ ផ្នែក និង ៣៦ មាត្រា ដែលលម្អិតអំពីបទប្បញ្ញត្តិទូទៅ ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ក៏ដូចជាបទប្បញ្ញត្តិដោយឡែក ការផ្គត់ផ្គង់ ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសាននៃប្បញ្ញត្តិ។
គួររំលឹកផងដែរថា មាត្រា ៣២ និង ៣៣ នៃអនុក្រឹត្យនេះ ក៏បានចែងយ៉ាងច្បាស់លាស់អំពីទណ្ឌកម្មចំពោះជនណាដែលប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិ ឬស្តុក ជួញដូរ ផលិតឯកសណ្ឋាន សញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងបរិក្ខាររួមផ្សំផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
