តម្លៃមាសអន្តរជាតិបានបន្តកើនឡើងរហូតដល់ ៣% កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ សប្តាហ៍ចុងក្រោយនេះ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបង្ហាញភាពទន់ខ្សោយ ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្លាំងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់។ នេះបានបង្កើនតម្រូវការមាស ដែលត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតក្នុងអំឡុងពេលភាពមិនប្រាកដប្រជាសេដ្ឋកិច្ច។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាក់ស្តែង តម្លៃមាសអន្តរជាតិបានកើនឡើងជិត ៣% កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ដោយស្ថិតនៅតម្លៃ ៤,១៣៨ដុល្លារក្នុងមួយអោន ឬ ៤ ៩៨៥ដុល្លារក្នុងមួយតម្លឹង គិតត្រឹមម៉ោង ៩:៤៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។ គួររំលឹកថា តម្លៃមាសអន្តរជាតិធ្លាប់ហក់ឡើងខ្ពស់បំផុតដល់ ៤ ៣៨១ដុល្លារក្នុងមួយអោន ឬ ៥ ២៧៨ដុល្លារក្នុងមួយតម្លឹង កាលពីចុងខែតុលាកន្លងទៅ។
លោក Peter Grant អនុប្រធាន និងជាអ្នកយុទ្ធសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Zaner Metals បានបញ្ជាក់ថា ទិន្នន័យសេដ្ឋកិច្ចដ៏ទន់ខ្សោយមួយចំនួននៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានធ្វើឱ្យទីផ្សារមាសមានទំនោរទៅរកការរំពឹងទុកថា Fed នឹងកាត់បន្ថយអត្រាការប្រាក់។ លោកបន្ថែមថា គ្រប់គ្នានៅតែអាចមើលឃើញការកាត់បន្ថយអត្រាការប្រាក់នេះនៅខែធ្នូខាងមុខ។
ទិន្នន័យកាលពីសប្តាហ៍មុនបានបង្ហាញពីបញ្ហាសេដ្ឋកិច្ចនៅអាមេរិក ដោយសារអត្រាបាត់បង់ការងារក្នុងខែតុលាកើនឡើង ជាមួយនឹងការខាតបង់ក្នុងវិស័យមួយចំនួន និងការលក់រាយដែលធ្លាក់ចុះ។ លើសពីនេះ អារម្មណ៍អ្នកប្រើប្រាស់នៅអាមេរិកក៏បានធ្លាក់ចុះនៅដើមខែវិច្ឆិកា ដោយសារមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ មួយនេះ។
បច្ចុប្បន្ន វិនិយោគិនកំពុងមើលឃើញឱកាស ៦៤% សម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ Fed ក្នុងខែធ្នូខាងមុខ។ លោក Grant ក៏បានបន្ថែមដែរថា តម្លៃមាសអន្តរជាតិអាចនឹងបន្តស្ថិតនៅចន្លោះពី ៤ ២០០ដុល្លារ ទៅ ៤ ៣០០ដុល្លារក្នុងមួយអោន ឬ ៥ ០៦០ដុល្លារ ទៅ ៥ ១៨០ដុល្លារក្នុងមួយតម្លឹង នៅចុងឆ្នាំនេះ។ រីឯគោលដៅ ៥ ០០០ដុល្លារក្នុងមួយអោន ឬ ៦ ០២៤ដុល្លារក្នុងមួយតម្លឹង នៅតែជាគោលដៅសមហេតុផលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦។
