ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងយ៉ាងសន្ធឹកកាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅក្នុងតំបន់ប្រវត្តិសាស្រ្ត Red Fort នៃរដ្ឋធានីដេលី ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានថ្លែងថា គ្រប់ជ្រុងជ្រោយនៃទីតាំងកើតហេតុកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗនេះ។ លោកបានបន្តទៀតថា ក្នុងការស៊ើបអង្កេតនេះក៏មានការចូលរួមពីភ្នាក់ងារជំនាញផ្នែកភេរវកម្មផងដែរ ដើម្បីស្វែងរកឱ្យឃើញពីមូលហេតុពិតប្រាកដថា តើហេតុការណ៍ផ្ទុះនេះជាករណីធ្វើភេរវកម្ម ឬជាការផ្ទុះដោយសារបញ្ហាបច្ចេកទេសណាមួយ៕
