រថយន្ត BRABUS បើកបុករបាំងថ្មគល់ស្ពានក្បាលថ្នល់ខ្ទេចមួយកំណាត់មុខ ផ្អើលទាំងយប់!

រថយន្ត BRABUS បើកបុករបាំងថ្មគល់ស្ពានក្បាលថ្នល់ខ្ទេចមួយកំណាត់មុខ ផ្អើលទាំងយប់!

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក BRABUS មួយគ្រឿងគ្មានផ្លាកលេខ បានបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង នៅគល់ស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត BRABUS ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មរងការខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង ដាច់កង់ខាងឆ្វេងមួយចំហៀង មិនអាចបន្តដំណើរទៅមុខបានទៀតឡើយ។

សំណាងល្អ ហេតុការណ៍នេះមិនបានបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ប៉ុន្តែក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយទទួលដំណឹង កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។

administrator

Related Articles