ម៉ាឡេស៊ី បន្លឺសារព្រមាន៖ ភាពតានតឹងខ្មែរ-ថៃ អាចផ្ទុះឡើងវិញ ក្រោយថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព

ម៉ាឡេស៊ី បន្លឺសារព្រមាន៖ ភាពតានតឹងខ្មែរ-ថៃ អាចផ្ទុះឡើងវិញ ក្រោយថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព

ក្រោយហេតុការណ៍ទាហានថៃម្នាក់បានជាន់មីនដាច់ជើង ទីក្រុងបាងកកបានប្រកាសផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ដែលមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ពេលនេះ ទីក្រុងគូឡាឡាំពួ បានចេញសារព្រមានយ៉ាងច្បាស់ថា ការផ្អាកកិច្ចព្រមព្រៀងនេះ អាចនឹងរុញច្រានឱ្យភាពតានតឹងរវាងកម្ពុជា និងថៃ ឈានដល់កម្រិតខ្ពស់ដូចកាលពីអតីតកាល។ នេះបើយោងតាមការចុះផ្សាយរបស់ The Star។
Cambodia-Thailand Border

ថ្លែងកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បានលើកឡើងថា កាលបរិច្ឆេទសំខាន់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ។ លោកបានព្រមានថា ប្រសិនបើគ្មានការអនុវត្តណាមួយកើតឡើងតាមកាលកំណត់ទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញដោយងាយ។

ពាក់ព័ន្ធនឹងករណីទាហានថៃជាន់មីន លោក Mohd Nizam Jaffar បានបញ្ជាក់ថា៖ «យើងបានដឹងអំពីហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។ យ៉ាងណាមិញ យើងត្រូវតែគ្រប់គ្រងស្ថានការណ៍ដោយប្រុងប្រយ័ត្ន ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឲ្យមានការផ្ទុះនេះ»។

តាមការថ្លែងរបស់លោក Mohd Nizam Jaffar ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនត្រូវបានអនុញ្ញាតឱ្យចូលទៅជិតតំបន់កើតហេតុឡើយ ខណៈដែលក្រុម AOT កំពុងឈរជើងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីតាំងផ្ទុះ។ ប្រសិនបើភាពតានតឹងបានកើនឡើងដល់កម្រិតដូចមុនពេលមានកិច្ចព្រមព្រៀងសន្តិភាព អ្នកសង្កេតការណ៍ទាំងនៅខាងកម្ពុជានិងថៃ នឹងត្រូវវិលត្រឡប់ទៅកាន់ទីក្រុងបាងកកនិងភ្នំពេញវិញរៀងៗខ្លួន។

ទោះជាយ៉ាងណា លោក Mohd Nizam Jaffar បានអះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ ម៉ាឡេស៊ីនៅតែរក្សាជំហរចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក។

administrator

Related Articles