ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនពីបណ្តាញព័ត៌មាន បានដកស្រង់សម្តីថ្នាក់ដឹកនាំថៃថា ភាគីថៃបានផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ។ សេចក្តីថ្លែងការណ៍ដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយមានវត្តមានជាសាក្សីពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សេចក្តីរាយការណ៍ទាំងនោះ ក៏បានលើកឡើងពីព្រឹត្តិការណ៍ផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃបីនាក់រងរបួសនៅតំបន់ភ្នំទ្រព្យ ជាប់ព្រំដែនកម្ពុជា-ថៃ ជិតប្រាសាទព្រះវិហារកម្ពុជា ថាជាមូលហេតុនៃការផ្អាកសេចក្តីថ្លែងការណ៍រួមនេះ។ មិនតែប៉ុណ្ណោះ ភាគីថៃក៏បានលុបចោលគម្រោងដោះលែងយោធិនខ្មែរចំនួន ១៨រូប ដែលត្រូវប្រកាសដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ដែលថា កម្ពុជាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន។ វាជារឿងដែលមហាជនទូទៅជ្រាបច្បាស់ថា ចម្ការមីនភាគច្រើននៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកេរដំណែលសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជិត ៣០ឆ្នាំ ចាប់ពីទសវត្សរ៍ ១៩៧០ និង ១៩៨០ ដែលនៅមិនទាន់ត្រូវបានបោសសម្អាតអស់នៅឡើយ ដោយសារតែលក្ខណៈភូមិសាស្ត្រលំបាក និងបញ្ហាព្រំដែនដែលមិនទាន់ត្រូវបានកំណត់ខណ្ឌសីមាច្បាស់លាស់។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការបន្តអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយមានការសាទរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។
ដោយ៖ តារា
