លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា លោកនឹងមិនធ្វើការពិសោធន៍អ្វីច្រើនក្នុងការប្រកួតជម្រុះ World Cup ពីរប្រកួតចុងក្រោយឡើយ ដោយផ្ដោតសំខាន់តែលើការដណ្ដើមបានជ័យជម្នះ ដើម្បីធានាកៅអីទៅ World Cup ឆ្នាំក្រោយប៉ុណ្ណោះ។
ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីលុចសំបួ នៅថ្ងៃសុក្រនេះ មុននឹងត្រលប់មកធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្លូវ៉ាគី នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ប្រសិនបើពួកគេអាចឈ្នះទាំងពីរប្រកួតនេះ នោះពួកគេនឹងធានាបាននូវចំណាត់ថ្នាក់លេខ១ ក្នុងពូល A និងឡើងទៅ World Cup ឆ្នាំក្រោយដោយស្វ័យប្រវត្តិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Nagelsmann បានបញ្ជាក់ថា៖ «យើងចង់មានតុល្យភាពល្អនៅក្នុងក្រុម។ អ្វីដែលសំខាន់បំផុតគឺការទទួលបានជោគជ័យក្នុងការប្រកួតទាំងនេះ ប្រមូលបាន ៦ពិន្ទុពេញ និងធានាកៅអីទៅលេង World Cup»។ លោកបន្តថា៖ «យើងមិនពឹងផ្អែកលើលទ្ធផលរបស់ក្រុមដទៃឡើយ គឺពឹងផ្អែកតែលើការលេងរបស់ក្រុមយើងប៉ុណ្ណោះ។ យើងនៅតែត្រូវតែធ្វើវាឲ្យបានសម្រេច»។
បច្ចុប្បន្ន អាល្លឺម៉ង់កំពុងឈរលើកំពូលតារាងក្នុងពូលរបស់ខ្លួន មាន ៩ពិន្ទុ នាំមុខក្រុមលេខ២ ស្លូវ៉ាគី ដោយសារតែមានគ្រាប់បាល់ចំណេញច្រើនជាង។ ចំណែកអៀរឡង់ខាងជើង ឈរលេខ៣ មាន ៦ពិន្ទុ រីឯលុចសំបួ ឈរនៅបាតតារាងដោយគ្មានពិន្ទុ។ ក្រុមដែលឈ្នះពូល នឹងទទួលបានកៅអីដោយស្វ័យប្រវត្តិទៅ World Cup ខណៈក្រុមលេខ២ នឹងត្រូវប្រកួតវគ្គ Playoff នៅខែមីនា ឆ្នាំ២០២៦។ គួររំលឹកផងដែរថា អាល្លឺម៉ង់ដែលជាម្ចាស់ជើងឯកពិភពលោក ៤សម័យកាល បានកំណត់គោលដៅឈ្នះពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលនឹងរៀបចំឡើងដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
