ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្ត Highlander មួយគ្រឿងដែលកំពុងបើកឆ្លងស្តុបដូចគ្នា បណ្តាលឲ្យរថយន្តរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2P-7932 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ហើយបានបើកឆ្លងស្តុបបំបែកជាបួន។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Y-7392 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ក៏ឆ្លងស្តុបបំបែកជាបួនដូចគ្នា។

ដោយបើកបរក្នុងល្បឿនលឿន យុវជនទាំងពីរបានជ្រុលទៅបុករថយន្ត Highlander ចំពីក្រោយចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរ៉េចង្កូតបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ រងការខូចខាតយ៉ាងដំណំ។ ចំណែកឯយុវជនទាំង២នាក់ដែលជាភាគីខាងម៉ូតូ បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកតាមកង់បីទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះមកដល់ទីតាំងកើតហេតុ ហើយបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ជើងគោកក្រុង ដើម្បីធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

ដោយ ៖ ភារ៉ា ដង្កោ
