ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី។ ការចោទប្រកាន់នេះកើតឡើង ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីលុបបំបាត់គ្រាប់មីន និងកាត់បន្ថយទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

អាជ្ញាធរមីនបានបញ្ជាក់ថា កម្ពុជាត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជាប្រទេសគំរូ និងឈានមុខគេក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ក៏បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែន។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជាប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងបទដ្ឋានរបស់អនុសញ្ញានេះ។ កម្ពុជាបានចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។

ក្នុងស្មារតីនៃប្រទេសស្រឡាញ់សន្តិភាព កម្ពុជាទទូចដល់ភាគីថៃ ឱ្យចៀសវាងការយកបញ្ហាផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបណ្តាលឱ្យទាហានថៃពីរនាក់រងរបួស មកធ្វើជាមូលហេតុនៃការផ្អាកអនុវត្តជាឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ កម្ពុជាសូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រក្សានូវស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ គឺពិភពលោកគ្មានមីន។
អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីនដើម្បីបម្រើដល់នយោបាយ អាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។
ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាសូមបញ្ជាក់ជាថ្មីថា ខ្លួនមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ។
