ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៤៖៣០ នាទីទាបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៤៤-៤៥ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉ក បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យយុវជនពីរនាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ 
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងពីរនាក់ គឺជាអ្នកជិះម៉ូតូជាមួយគ្នា។ ក្នុងនោះ អ្នកបើកបរម៉ូតូមានឈ្មោះ ស្រ៊ា ស្រ៊ាន ភេទប្រុស អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ឆាន់ រ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ 
លោកអធិការបានបន្តថា ម៉ូតូរបស់ជនរងគ្រោះម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BQ-២៧៣៥ បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ហើយបានបុកជាមួយនឹងរថយន្តកុងតឺន័រម៉ាក SCANIA ពណ៌លឿង ពាក់ផ្លាកលេខ ស្វាយរៀង ៣A-៣៧៦២ សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ស្វាយរៀង ៤A-៣៧៦២ ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ពីអ្នកលឿងទៅភ្នំពេញ)។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន និងបានបើករំលោភចូលចំណែកផ្លូវរបស់រថយន្តកុងតឺន័រ។ 
បណ្ដាលមកពីគ្រោះថ្នាក់នេះ ម៉ូតូមួយគ្រឿងបានរងការខូចខាតស្ទើរទាំងស្រុង រីឯរថយន្តកុងតឺន័រវិញរងការខូចខាតស្រាល។ បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ 
