ភ្នំពេញ៖ តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងគួរឲ្យភ្ញាក់ផ្អើល ដោយសម្រេចបានទឹកប្រាក់សរុបជាង ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រឹមរយៈពេល ១០ខែដើមឆ្នាំ២០២៥នេះ។ តួលេខនេះបានកើនឡើងដល់ ២៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាកម្ពុជាត្រូវបានអាមេរិកដាក់ពន្ធបដិការរហូតដល់ ១៩% ក៏ដោយ។

របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអាមេរិកបានកើនដល់ ១០,៧២ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានតម្លៃ ១០,៤០ ពាន់លានដុល្លារ (កើន ២៦,៤%) ខណៈការនាំចូលពីអាមេរិកមកកម្ពុជាវិញមានតម្លៃ ៣២៦ លានដុល្លារ (កើនជិត ៥០%)។
ផលិតផលសំខាន់ៗដែលកម្ពុជាបាននាំចេញទៅអាមេរិករួមមាន សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ រីឯការនាំចូលពីអាមេរិកមកកម្ពុជាវិញរួមមាន រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសម្អាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការសម្រេចយកពន្ធ ១៩% លើទំនិញរបស់កម្ពុជាទៅអាមេរិកកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង អាចថែរក្សារោងចក្រដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានលើកឡើងដែរថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជានឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ចំណែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានការកើនឡើងខ្លាំងដោយសារតែអត្រាពន្ធ ១៩% នេះ បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេសឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។
គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកកាលពីឆ្នាំ២០២៤ បានសម្រេចទឹកប្រាក់ជាង ១០ពាន់លានដុល្លារ កើនឡើង ១១% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ (កើន ១១,៤%) និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ (កើន ២%)។
