រដ្ឋាភិបាលម៉ិកស៊ិកកាលពីថ្ងៃអង្គារ បានប្រកាសអនុវត្តពន្ធនាំចូលស្ករខ្ពស់រហូតដល់ ១៥៦% ក្នុងមួយគីឡូក្រាម ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃអន្តរជាតិ និងបញ្ចៀសហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការក្នុងទីផ្សារក្នុងស្រុក។ ពន្ធថ្មីនេះ អនុវត្តលើស្ករគ្រប់ប្រភេទ រួមទាំងស្ករស និងសុីរ៉ូ យោងតាមក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតី Claudia Sheinbaum។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ស្ករដែលនាំចូលម៉ិកស៊ិកត្រូវជាប់ពន្ធចន្លោះពី ៣៦០ ទៅ ៣៩០ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។
ម៉ិកស៊ិកជាធម្មតាមិនមែនជាប្រទេសនាំចូលស្ករនោះទេ ប៉ុន្តែការទិញស្ករពីបរទេសបានកើនឡើងខ្លាំង ដោយសារតែលក្ខខណ្ឌអាកាសធាតុអាក្រក់បង្កឱ្យមានការធ្លាក់ចុះផលិតកម្មក្នុងស្រុក រួមផ្សំនឹងការនាំចេញទៅសហរដ្ឋអាមេរិកមានកម្រិតទាប។
លោក Carlos Blackaller ប្រធានអង្គការអ្នកផលិតស្ករអំពៅដ៏សំខាន់របស់ម៉ិកស៊ិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “គ្រោងការណ៍ពន្ធនេះផ្តល់ការការពារកាន់តែច្រើនសម្រាប់ផលិតផលក្នុងស្រុក”។
លោកបន្តទៀតថា ពន្ធនេះនឹងផ្តល់ឱកាសឱ្យស្ករម៉ិកស៊ិកមានតម្លៃខ្ពស់ជាងបន្តិចនៅក្នុងទីផ្សារក្នុងស្រុកសម្រាប់រដូវកាល ២០២៥/២៦ ដែលទើបតែចាប់ផ្តើម។
ការអនុវត្តពន្ធនេះក៏បានលុបបំបាត់លទ្ធភាពនៃការនាំចូលស្ករចូលប្រទេសម៉ិកស៊ិកទាំងស្រុងផងដែរ បន្ទាប់ពីស្ករនាំចូលក្នុងរយៈពេលបីរដូវចុងក្រោយមានចំនួនសរុបជាងមួយលានតោន។
បច្ចុប្បន្ន ម៉ិកស៊ិកផលិតស្ករជាមធ្យមប្រហែល ៥ លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះមានតែជាង ៤ លានតោនប៉ុណ្ណោះត្រូវកំណត់សម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយនៅសល់សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារពិភពលោកផ្សេងទៀត ដែលមានតម្លៃទាបជាងសហរដ្ឋអាមេរិក។
សមាគមឧស្សាហកម្មស្ករស ដែលតំណាងឱ្យម្ចាស់រោងចក្រស្ករមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ លោក Blackaller បានពន្យល់ថា យោងតាមក្រឹត្យនេះ ពន្ធថ្មី ១៥៦% គឺរួមបញ្ចូលទាំងការធានារ៉ាប់រង ការដឹកជញ្ជូន និងថ្លៃដើមផងដែរ។ សម្រាប់ឆ្នាំ២០២៥/២៦ ការផលិតស្ករត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,២ លានតោន ដែលជាការស្ទុះងើបឡើងវិញពី ៤,៧ លានតោនក្នុងរដូវប្រមូលផលមុន។ ទោះជាយ៉ាងណា កូតានាំចេញស្ករទៅសហរដ្ឋអាមេរិកបច្ចុប្បន្នមានត្រឹមតែ ១៨៨,០០០ តោនប៉ុណ្ណោះ។
