អ៊ីស្រាអែល​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​ច្បាប់​ប្រហារជីវិត​លើ​ក្រុម​ហាម៉ាស

អ៊ីស្រាអែល​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​ច្បាប់​ប្រហារជីវិត​លើ​ក្រុម​ហាម៉ាស

សភា​អ៊ីស្រាអែល​បាន​ធ្វើ​ការបោះឆ្នោត​បឋម​មួយ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ ដែល​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​កាត់ទោស​ប្រហារជីវិត​ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​ក្នុង​អំពើ​វាយប្រហារ​ភេរវកម្ម។

រូបភាព​បង្ហាញ​ពី​លោក​ណេតាន់យ៉ាហ៊ូ និង​លោក Ben-Gvir

យោង​តាម​សារព័ត៌មាន The Telegraph ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ស្នើឡើង​ដោយ​សមាជិក​សភា​ស្តាំនិយម​ជ្រុល​ ត្រូវ​បាន​អនុម័ត​ក្នុង​ការ​បោះឆ្នោត​លើក​ដំបូង​ក្នុង​រដ្ឋសភា​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​៣៩​ទល់​នឹង​១៦។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ខណៈ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​លោក Itamar Ben-Gvir បាន​គំរាម​ដក​គណបក្ស​របស់​លោក​ចេញពី​ក្រុម​ចម្រុះ​ ប្រសិនបើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​បន្ត។

ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ពេញលេញ នោះ​តុលាការ​យោធា​នៅ​តំបន់ West Bank នឹង​មាន​ភាពងាយស្រួល​ក្នុង​ការ​កាត់ទោស​ប្រហារជីវិត​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន។ ចៅក្រម​នឹង​អាច​សម្រេច​ដោយ​សំឡេង​ភាគច្រើន​ធម្មតា ដោយ​មិន​ចាំបាច់​ទាមទារ​ការ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដូច​មុន​ឡើយ។

តាមពិត​ទៅ ទោស​ប្រហារជីវិត​មាន​ចែង​ក្នុង​ច្បាប់​អ៊ីស្រាអែល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ប្រើប្រាស់​តែ​ម្ដងគត់​ក្នុង​ឆ្នាំ​១៩៦២ ដើម្បី​ប្រហារជីវិត​ឧក្រិដ្ឋជន​សង្គ្រាម​ណាស៊ី​លោក Adolf Eichmann។

ក្រុម​អ្នក​គាំទ្រ​ច្បាប់​ថ្មី​នេះ​អះអាង​ថា វា​នឹង​ដើរតួ​ជា​ការ​រារាំង​ដល់​អំពើ​ភេរវកម្ម។ សមាជិក​សភា​លោកស្រី Limor Son Har-Melech ដែល​ជា​អ្នក​ស្នើ​ច្បាប់​នេះ និង​ដែល​ស្វាមី​របស់​លោកស្រី​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ឆ្នាំ​២០០៣ បាន​បញ្ជាក់​ថា «លែង​មាន​គុក​ទៀត​ហើយ លែង​មាន​កិច្ចព្រមព្រៀង​ទៀត​ហើយ លែង​មាន​ការ​កាត់ទោស​ព្យួរ​ទៀត​ហើយ។ នៅពេល​ដែល​ភេរវករ​ម្នាក់​ស្លាប់ គេ​មិន​អាច​ត្រឡប់​ទៅ​សម្លាប់​នរណា​ម្នាក់​ផ្សេង​ទៀត​ឡើយ»។

លោក Ben-Gvir ដែល​មកពី​គណបក្ស​ស្តាំនិយម​ជ្រុល Otzma Yehudit ហើយ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ថ្លែង​ថា ច្បាប់​នេះ​នឹង​ផ្តោត​សំខាន់​លើ «អំពើ​ភេរវកម្ម​អារ៉ាប់»។ យ៉ាងណាមិញ ក្រុម​អ្នក​រិះគន់​បាន​លើកឡើង​ថា ច្បាប់​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​ប៉ាឡេស្ទីន ខណៈ​ដែល​វា​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ជនជាតិ​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​នោះ​ឡើយ។

សមាជិក​សភា​បក្ស​ប្រឆាំង និង​មន្ត្រី​សន្តិសុខ​ជាច្រើន​បាន​ព្រមាន​ថា វិធានការ​នេះ​អាច​ធ្វើ​ឲ្យ​អំពើ​ហិង្សា​កាន់តែ​អាក្រក់ ហើយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​អ៊ីស្រាអែល​នៅ​លើ​ឆាក​អន្តរជាតិ។

សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ត្រូវ​ការ​ការ​បោះឆ្នោត​ពីរ​លើក​ទៀត​ មុន​នឹង​អាច​ក្លាយជា​ច្បាប់​ពេញលេញ។

administrator

Related Articles