ប្រជាជនថៃ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជាប់ដងទន្លេ និងក្បែរទំនប់ធំៗ កំពុងតែស្ថិតក្នុងភាពភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីស្ថានភាពទំនប់វារីអគ្គិសនីជាច្រើន កាន់តែបង្ហាញសញ្ញាប្រកាសអាសន្នថា ជិតលែងអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់បានទៀតហើយ។ ក្នុងចំណោមទំនប់ទាំងនោះ ទំនប់ Bhumibol ក្នុងខេត្ត Tak ក៏ជាផ្នែកមួយដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។
តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ពលរដ្ឋនៅតំបន់ក្រោមទំនប់ កំពុងបង្ហាញក្តីបារម្ភជាខ្លាំង និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្នដែលអាចកើតមានឡើង។ ពួកគាត់យល់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ នោះទំនប់នឹងត្រូវបង្ខំចិត្តទម្លាយទឹកចេញបន្ថែម ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កើតឡើងជាយថាហេតុ។

ដើម្បីជៀសវាងការបាក់ធ្លាយទំនប់ ដែលអាចបង្កជាមហន្តរាយដ៏ធំធេង មានតែការរំដោះទឹកចេញពីទំនប់ប៉ុណ្ណោះ ទើបអាចជាដំណោះស្រាយជួយសម្រាលបន្ទុក និងការពារសុវត្ថិភាពទំនប់បាន។ បើពុំនោះទេ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។
ជុំវិញបញ្ហានេះ នាយកដ្ឋានធារាសាស្ត្រថៃ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវរាល់ស្ថានភាព និងបានប្រកាសប្រុងជើងការខ្ពស់ ដើម្បីត្រៀមចាត់វិធានការចាំបាច់នានា ក្នុងការឆ្លើយតបទៅនឹងគ្រោះអាសន្ន។
របាយការណ៍បឋមបានបង្ហាញថា ទំនប់ធំៗចំនួន ៣ របស់ថៃ សុទ្ធតែបានស្តុកទឹកជិតពេញចំណុះទៅហើយ រួមមាន៖ ទំនប់ Bhumibol (៩៩%), ទំនប់ Sirikit (៩៨%) និងទំនប់ Pa Sak Jolasid (៩៧%)។ ចំណែកទំនប់មួយទៀតគឺ Khwae Noi ថែមទាំងបានស្តុកទឹកលើសចំណុះទៅទៀត ពោលគឺ ១០១% ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភជាខ្លាំង។
កម្ពស់ទឹកបានហក់ឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលមកពីឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ និងភ្លៀងធ្លាក់ឥតឈប់ឈរ។ ស្ថានភាពនេះបានបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរទាំងនៅក្នុងទីក្រុងបាងកកផ្ទាល់ ក៏ដូចជានៅតាមបណ្តាខេត្តភាគខាងជើងមួយចំនួន រួមមាន Phrae, Nan, Chiang Rai, Sukhothai និង Lampang។
លើសពីនេះ ខេត្តចំនួន ៧ រួមមាន Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani បានប្រកាសអាសន្នទឹកជំនន់ឈានដល់កម្រិត «ក្រហម» រួចទៅហើយ ដែលជាកម្រិតធ្ងន់ធ្ងរបំផុត និងទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់៕
