Prince Group ច្រានចោលការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ី ជុំវិញករណីលួច Bitcoin ថាជា «ពាលស៊ីពាល»

Prince Group ច្រានចោលការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ី ជុំវិញករណីលួច Bitcoin ថាជា «ពាលស៊ីពាល»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Prince Group បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថា អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បីរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ។
news image
ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និងសហគមន៍ពាក់ព័ន្ធដែលសហការជាមួយក្រុមហ៊ុន ទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។
news image
ការចេញសេចក្តីថ្លែងការណ៍បដិសេធនេះ ស្របពេលដែលសារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញរបាយការណ៍វិភាគបច្ចេកទេសមួយ ដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ដែលហៅថា «ពាលស៊ីពាល»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍របស់ CVERC បានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian Mining Pool របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។
news image
ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន បានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។
នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
news image
មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នាទៅនឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស Hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។
news image
គួរ​បញ្ជាក់​ថា របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​អះអាង​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​កថា មូលនិធិ​ទាំងអស់​មាន​ប្រភព​ពី​អំពើ​ខុសច្បាប់ គឺ​ផ្ទុយ​ពី​ការ​រក​ឃើញ​ដំបូង​របស់​ខ្លួន ដែល​បាន​បង្ហាញ​ថា Bitcoin ទាំងនោះ​មាន​ប្រភព​ចម្រុះ រួម​ទាំង​ការ​ជីក​រ៉ែ​ដោយ​ឯករាជ្យ និង​ការ​ទូទាត់​ពី​បណ្តុំ​អ្នក​ជីក​រ៉ែ​ផង​ដែរ​។
news image
ក្រុមហ៊ុន Prince Group បាន​បញ្ជាក់​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​សុចរិត​ភាព ការ​វិនិយោគ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​ទូ​ទាំង​តំបន់​។ អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ហើយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព និង​អនុលោម​តាម​រាល់ បទ​ប្ប​ញ្ញាតិ​ច្បាប់​ជា​ធរមាន ដែល​នេះ​នឹង​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​ភស្តុ​តាង​ទាំងអស់​ត្រូវ​បាន​បង្ហាញ​។

administrator

Related Articles