ត្រាំ ព្រមាន​ថា «សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់​ក្នុង​មហន្តរាយ» បើ​ចាញ់​បណ្តឹង​ពន្ធ​គយ​នៅ​តុលាការ​កំពូល

ត្រាំ ព្រមាន​ថា «សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់​ក្នុង​មហន្តរាយ» បើ​ចាញ់​បណ្តឹង​ពន្ធ​គយ​នៅ​តុលាការ​កំពូល

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ថា ប្រទេស​អាមេរិក​នឹង​ប្រឈម​នឹង​មហន្តរាយ​សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ​ជាតិ ប្រសិនបើ​តុលាការ​កំពូល​សម្រេច​ប្រឆាំង​នឹង​វិធានការ​ពន្ធ​គយ​លើ​ទំនិញ​នាំចូល​របស់​លោក។ ព័ត៌មាន​នេះ ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ កាលពី​ថ្ងៃអាទិត្យ បាន​ប្ដេជ្ញា​ផ្ដល់​ប្រាក់ ២ ០០០ ដុល្លារ​ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិក​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដោយ​ប្រើប្រាស់​ថវិកា​ដែល​បាន​មកពី​ការ​ប្រមូល​ពន្ធ​គយ។ លើសពីនេះ ប្រាក់ចំណូល​ដូចគ្នា ក៏​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​បំណុលជាតិ​របស់​អាមេរិក​ផងដែរ។

ក្នុង​អំឡុងពេល​ជជែក​វែកញែក​ផ្ទាល់​មាត់​កាលពី​សប្តាហ៍​មុន លើ​សំណុំរឿង​ពន្ធ​គយ​នេះ ចៅក្រម​តុលាការ​កំពូល​បាន​ពិភាក្សា​អំពី​សិទ្ធិអំណាច​របស់​លោក ត្រាំ ក្នុង​ការដាក់​ពន្ធ​គយ​ក្រោម​ច្បាប់​អំណាច​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ​ឆ្នាំ ១៩៧៧ (IEEPA) ដែល​មិនបាន​ចែង​ជាក់លាក់​អំពី​ពន្ធ​គយ​ឡើយ។ ប្រសិនបើ​តុលាការ​សម្រេច​ថា​ការ​ដាក់​ពន្ធ​របស់​លោក ត្រាំ គឺ​ខុសច្បាប់ នោះ​រដ្ឋបាល​អាមេរិក​អាច​នឹង​ត្រូវ​សង​ប្រាក់​ត្រឡប់​ទៅ​ក្រុមហ៊ុន​នាំចូល​វិញ ដែល​បាន​បង់ពន្ធ​ខ្ពស់​ថ្មី​នា​ពេល​កន្លង​មក។

លោកស្រី​ចៅក្រម Amy Coney Barrett បាន​ព្រមាន​ថា វា​អាច​ជា​«ការរញ៉េរញ៉ៃ» មួយ​សម្រាប់​តុលាការ​ក្នុង​ការ​ដោះស្រាយ​រឿង​សង​ប្រាក់​ទៅ​វិញ​ទៅ​មក​នេះ សម្រាប់​អ្នក​នាំចូល​អាមេរិក​ដែល​បាន​បង់ពន្ធ​រួចហើយ។ គិត​មក​ដល់​ពេលនេះ តុលាការ​កំពូល​អាមេរិក​មិនទាន់​សម្រេច​នៅឡើយ​ទេ ខណៈ​រ៉យទ័រ​រាយការណ៍​ថា បើ​លោក ត្រាំ ចាញ់ នោះ​ក្រុមហ៊ុន​អាមេរិក​អាច​នឹង​ទទួល​សំណង​សរុប​ជាង ១០០ ប៊ីលាន​ដុល្លារ​មក​វិញ។

លោក ត្រាំ បាន​ច្រានចោល​របាយការណ៍​តួលេខ​ដែល​ត្រូវ​សង​ត្រឡប់​ទៅ​វិញ​នេះ​ថា មិន​ត្រឹមត្រូវ​ទេ ព្រោះ​លោក​អះអាង​ថា ចំណូល​ពី​ពន្ធ​គយ និង​ការវិនិយោគ​មាន​ចំនួន​លើសពី ២ ទ្រីលាន​ដុល្លារ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «វា​នឹង​មាន​គ្រោះមហន្តរាយ​សេដ្ឋកិច្ច។ វា​នឹង​ក្លាយជា​គ្រោះមហន្តរាយ​សន្តិសុខ​ជាតិ ប្រសិនបើ​យើង​ចាញ់​ក្ដី​នៅ​តុលាការ​កំពូល»។

administrator

Related Articles