អាជ្ញាធរខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ រឹបអូសស្បៃមុងជិត ២គីឡូម៉ែត្រ និងលែងកូនត្រីរាប់សិបគីឡូក្រាមចូលធម្មជាតិវិញ!

អាជ្ញាធរខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ រឹបអូសស្បៃមុងជិត ២គីឡូម៉ែត្រ និងលែងកូនត្រីរាប់សិបគីឡូក្រាមចូលធម្មជាតិវិញ!

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយកម្លាំងជំនាញជលផលខេត្ត សហការជាមួយនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណីជាច្រើនទាំងក្នុងរដូវបិទ និងរដូវបើកនេសាទ។

ជាក់ស្តែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញជលផលបានបើកប្រតិបត្តិការបង្ក្រាបចំនួនពីរគោលដៅធំៗ គឺនៅបឹងធំ និងបឹងកេះ ដែលជាតំបន់ជាប់ព្រំប្រទល់ស្រុកចំនួនបី រួមមាន ស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ ក្នុងប្រតិបត្តិការនេះ វត្ថុតាងជាច្រើនត្រូវបានរឹបអូស និងកាប់បំផ្លាញចោលនៅនឹងកន្លែងតែម្តង ខណៈដែលក្រុមជនល្មើសបានលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅទីតាំងឆ្ងាយៗ ដើម្បីគេចវេសពីភ្នែកអ្នកភូមិ។

សកម្មភាពបង្ក្រាបបទល្មើសនេសាទ

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងតាមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តមអភិបាលខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងការអនុវត្តច្បាប់ជលផលនៅតាមបណ្តាព្រែកនានា ជាពិសេសព្រែកជាប់ទន្លេមេគង្គ។ សកម្មភាពបង្ក្រាបបានបន្តធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីទទួលបានព័ត៌មានពីកម្លាំងសហគមន៍មូលដ្ឋាន។

ឧបករណ៍នេសាទខុសច្បាប់

លោកនាយខណ្ឌបន្តថា ជាក់ស្តែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ ករណី នៅចំណុចរលំពោធិ៍ ចំណុចបឹងកេះ និងចំណុចក្របបាយ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការបំផ្លាញឧបករណ៍នេសាទ

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកំទេចវត្ថុតាងចោលនៅនឹងកន្លែង រួមមាន ៖
– ឧបករណ៍លូស្បៃមុងចំនួន ៣៣មាត់
– របាំងស្បៃមុងប្រវែង ១,៧៥៥ ម៉ែត្រ
– បង្គោលចម្រឹងចំនួន ៨៨០ដើម
– និងបានចាក់លែងត្រីចម្រុះទម្ងន់ ៦២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។

ការលែងកូនត្រីចូលបឹង

សូមបញ្ជាក់ថា រយៈពេលកន្លងមក ករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់ សមត្ថកិច្ចបានបង្ក្រាបបានចំនួន ៦ ករណី ស្មើនឹងមនុស្ស ៨ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយសម្រេចដាក់ពន្ធនាគារ។ ក្រៅពីនេះ ក៏មានករណីពិន័យអន្តរកាលចំនួន ៥ ករណី ដោយបានទឹកប្រាក់ចំនួន ៣៩ លានរៀល ចូលជាថវិការដ្ឋផងដែរ។

សកម្មភាពបង្ក្រាប
វត្ថុតាងដែលរឹបអូសបាន

administrator

Related Articles