របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ជំហរយ៉ាងមុតមាំថា ខ្លួននឹងបន្តរៀបចំការបោះឆ្នោតតាមការគ្រោងទុក ទោះបីជាមានសំឡេងថ្កោលទោសយ៉ាងកងរំពងពីសហគមន៍អន្តរជាតិ ក៏ដូចជាការប្រឆាំង និងបដិសេធមិនចូលរួមពីសំណាក់ពលរដ្ឋមីយ៉ាន់ម៉ាក៏ដោយ។ ព័ត៌មាននេះត្រូវបានសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា។
លោកឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យរបបយោធា បានថ្លែងការពារថា ការបោះឆ្នោតនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេស ហើយការជ្រៀតជ្រែកពីបរទេសនឹងមិនអាចរារាំងដំណើរការនេះបានឡើយ។
ផ្ទុយពីការអះអាងនេះ ប្រទេសលោកខាងលិច ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោតជាច្រើន បានចាត់ទុកការបោះឆ្នោតនេះថាជា “រឿងក្លែងបន្លំ” ដោយសំអាងលើហេតុផលជាច្រើនដូចជា ការរំលាយគណបក្សនយោបាយធំៗ ការចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតស្របច្បាប់លោកស្រី អ៊ុង សាន ស៊ូជី និងលោក អ៊ូ វីន ម្យិន រួមទាំងការតស៊ូប្រដាប់អាវុធជាបន្តបន្ទាប់ទូទាំងប្រទេសប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។
ការស្ទង់មតិចុងក្រោយបំផុត ក៏បានបង្ហាញពីការមិនទុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយរហូតដល់ ៩៨% បានសម្តែងការមិនជឿជាក់លើការបោះឆ្នោតនេះ ហើយភាគច្រើនបានប្រកាសបដិសេធមិនចូលរួមបោះឆ្នោតឡើយ។ ជាការឆ្លើយតប របបយោធាក៏បានចាប់ខ្លួនមនុស្សជិត ១០០នាក់ផងដែរ ពីបទរិះគន់ ឬបដិសេធមិនសហការជាមួយដំណើរការបោះឆ្នោតនេះ។
ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅជាពីរដំណាក់កាល គឺដំណាក់កាលទីមួយនៅថ្ងៃទី ២៨ ខែធ្នូ និងទីពីរនៅថ្ងៃទី ១១ ខែមករា នឹងធ្វើឡើងនៅទូទាំង ២០២ ឃុំ សង្កាត់។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះនឹងមិនអាចប្រព្រឹត្តទៅបានទេនៅក្នុងតំបន់ចំនួន ៥៦ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំង។

គណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍ (USDP) ដែលជាបក្សគាំទ្រដោយយោធា ត្រូវបានគេរំពឹងថានឹងដណ្ដើមបានអាសនៈភាគច្រើន ដោយសារគណបក្សនេះបានដាក់បេក្ខជនជាង ១,០០០នាក់សម្រាប់ចូលរួមប្រកួតប្រជែង។
អ្នកវិភាគនយោបាយជាច្រើនបានវាយតម្លៃថា ការចាត់វិធានការរបស់របបយោធាក្នុងការរំលាយគណបក្ស និងហាមឃាត់គូប្រជែងនយោបាយ គឺសុទ្ធសឹងតែមានគោលបំណងធានាឱ្យគណបក្ស USDP ទទួលបានជ័យជម្នះដោយគ្មានឧបសគ្គ។
