ថ្លៃចតឡាន World Cup ឡើងថ្លៃកប់ពពក! អ្នកគាំទ្រភ្ញាក់ព្រឺត ១៧៥ ដុល្លារឯណោះ!

ថ្លៃចតឡាន World Cup ឡើងថ្លៃកប់ពពក! អ្នកគាំទ្រភ្ញាក់ព្រឺត ១៧៥ ដុល្លារឯណោះ!

អ្នកគាំទ្របាល់ទាត់ដែលមានសំបុត្រទស្សនាព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ អាចនឹងត្រូវត្រៀមលុយច្រើនបន្តិច សម្រាប់ការចំណាយទៅលើកន្លែងចតរថយន្តរបស់ពួកគេ។ បើតាមគេហទំព័រផ្លូវការរបស់ FIFA តម្លៃចតឡានមួយកន្លែងអាចឡើងដល់ ១៧៥ ដុល្លារឯណោះ។

តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Athletic ដែលបានធ្វើឱ្យអ្នកគាំទ្រកីឡានៅសហរដ្ឋអាមេរិក មានការរិះគន់យ៉ាងខ្លាំង។ ជាក់ស្តែង សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំងបី រួមជាមួយកាណាដា និងម៉ិកស៊ិក ដែលភាគច្រើនពឹងផ្អែកលើការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន។

កាលពីថ្ងៃអង្គារ តម្លៃសម្រាប់ “កន្លែងចតរថយន្តទូទៅ” សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Dallas ថ្ងៃទី ១៤ ខែកក្កដា ត្រូវបានកំណត់ ១៧៥ ដុល្លារ ខណៈការប្រកួតតាមពូល មានតម្លៃត្រឹម ៧៥ ដុល្លារប៉ុណ្ណោះ។

ចំណែកឯការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅទីក្រុង Kansas នៅថ្ងៃទី ១១ ខែកក្កដា ថ្លៃចតឡានត្រូវបានកំណត់ ១២៥ ដុល្លារ ខណៈវគ្គចែកពូលនៅតែ ៧៥ ដុល្លារដដែល។

FIFA បានប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃតាមតម្រូវការ (dynamic pricing) សម្រាប់ការលក់សំបុត្រដំណាក់កាលទី ១ ដែលកៅអីតាមពូលចាប់ផ្តើមពី ៦០ ដុល្លារ។ គិតត្រឹមថ្ងៃអង្គារ កន្លែងប្រកួត World Cup ទាំង ១៦ នៅកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក មានតែមួយចំនួនតូចប៉ុណ្ណោះដែលមានសំបុត្រចំណតចុះបញ្ជីលក់តាមអនឡាញ។

ទីក្រុងម៉ិកស៊ិក ដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដំបូង និងញូវយ៉ក/ញូវជឺស៊ី ដែលជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅមិនទាន់មានសំបុត្រចំណតនៅឡើយទេ។ គួរបញ្ជាក់ថា FIFA បានទទួលពាក្យសុំទិញសំបុត្រពីអ្នកគាំទ្រជាង ១.៥ លាននាក់ ក្នុងរយៈពេលត្រឹម ២៤ ម៉ោង បន្ទាប់ពីការចាប់ផ្តើមបើកលក់មុនកាលពីខែកញ្ញា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

administrator

Related Articles