មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានសិទ្ធិនិយាយជាសាធារណៈ បានថ្លែងបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបញ្ឈប់អំពើហិង្សា និងរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ជម្លោះ។

ក្រោយហេតុការណ៍ទាហានថៃជាន់មីនរងរបួសនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ភាគីថៃបានបង្ហាញជំហរលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួ។ ភ្លាមៗនោះ នៅថ្ងៃទី១២ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែរក្សាជំហរជំរុញឱ្យថៃ និងកម្ពុជាបញ្ឈប់អំពើហិង្សា និងតម្រូវឱ្យភាគីទាំងពីរគោរពឱ្យបានម៉ឺងម៉ាត់ចំពោះការប្ដេជ្ញាចិត្តរបស់ពួកគេ។

សារព័ត៌មាន Washington Post កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ដដែលបានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តបន្តបញ្ឈប់អំពើហិង្សា និងរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញចំពោះការប្ដេជ្ញាចិត្តបញ្ចប់ជម្លោះ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏បានឆ្លើយតបនូវការប្ដេជ្ញាចិត្តនោះ ដោយថ្លែងថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈចង់ឃើញប្រទេសជិតខាងទាំងពីរចាត់វិធានការដើម្បីសន្តិភាពយូរអង្វែង។

គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានប្រកាសជាឯកតោភាគីផ្អាកកិច្ចខិតខំប្រឹងប្រែងអនុវត្តបទឈប់បាញ់ជាមួយកម្ពុជាជាផ្លូវការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់តំបន់អាស៊ី កាលពីចុងខែតុលា បន្ទាប់ពីទាហានថៃយ៉ាងហោចណាស់ ២នាក់បានរងរបួសដោយសារជាន់មីននៅតំបន់ព្រំដែនមានជម្លោះ។ យ៉ាងណាក៏ដោយ កម្ពុជាកាលពីថ្ងៃចន្ទ បានបដិសេធថា ខ្លួនមិនបានដាក់គ្រាប់មីនថ្មីនៅតាមបណ្ដោយព្រំដែនចម្ងាយ ៥០០គីឡូម៉ែត្ររវាងប្រទេសទាំងពីរនោះទេ។
កិច្ចព្រមព្រៀងឈប់បាញ់ដែលហៅថា «កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ» ត្រូវបានសម្របសម្រួលដោយមានជំនួយពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី បន្ទាប់ពីលោក ត្រាំ កាលពីខែកក្កដា បានគំរាមដាក់សម្ពាធលើប្រទេសទាំងពីរជាមួយនឹងការដំឡើងពន្ធខ្ពស់ ប្រសិនបើជម្លោះដ៏សាហាវរបស់ពួកគេនៅតែបន្ត។ សហរដ្ឋអាមេរិកបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ព្រោះវាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងចំណោមជម្លោះបង្ហូរឈាមទាំងប្រាំបី ដែលលោកបានប្រឹងប្រែងប្រើប្រាស់វិធីសាស្ត្រចរចាបញ្ចប់សង្គ្រាមបង្ហូរឈាមតាមតំបន់នានា។
