វៀតណាម​រំពឹង​ចុះហត្ថលេខា​លើ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​» ជាមួយ​អាមេរិក​ជា​ផ្លូវការ​ឆាប់ៗ

វៀតណាម​រំពឹង​ចុះហត្ថលេខា​លើ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​» ជាមួយ​អាមេរិក​ជា​ផ្លូវការ​ឆាប់ៗ

ហាណូយ៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ ប៊ូយ ថាញ់ សឺន (Bui Thanh Son) ​បាន​សម្តែង​ក្ដី​រំពឹង​យ៉ាង​មុតមាំ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​វៀតណាម​នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​» ជាមួយ​សហរដ្ឋអាមេរិក​ក្នុងពេល​ឆាប់ៗ​នេះ។ ការ​លើកឡើង​នេះ​កើតឡើង​ចំពេល​ដែល​ការចរចា​ជុំ​ថ្មី​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។
Trade Agreement

ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាមេរិក-វៀតណាម​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ លោក​ សឺន បាន​សង្កត់ធ្ងន់​ថា៖ «មានតែ​ការ​ជឿទុកចិត្ត​ប៉ុណ្ណោះ ទើប​អាច​នាំទៅ​រក​កិច្ច​សហប្រតិបត្តិការ ហើយ​មានតែ​កិច្ច​សហប្រតិបត្តិការ​ប៉ុណ្ណោះ ទើប​អាច​នាំទៅ​រក​វិបុលភាព។ វៀតណាម​តែងតែ​ស្វែងរក​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក»។ សារ​របស់​លោក​បាន​ឆ្លុះបញ្ចាំង​ពី​បំណង​ដ៏​ច្បាស់លាស់​ក្នុង​ការ​ពង្រឹង​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។

គួរ​រំលឹក​ថា កាលពី​ខែតុលា​កន្លងទៅ អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោម​លក្ខខណ្ឌ​ចម្រុះ រួមមាន​ការ​ដាក់ពន្ធ​២០% លើ​ទំនិញ​វៀតណាម និង​ការ​លើកលែង​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ផង​ដែរ។

បន្ថែម​ពីនេះ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ លោក​ឧបនាយករដ្ឋមន្ត្រី សឺន ក៏បាន​អំពាវនាវ​ដល់​សហគមន៍​ធុរកិច្ច​អាមេរិក​ឱ្យ​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម លោក To Lam ទៅកាន់​សហរដ្ឋអាមេរិក។ ជាមួយគ្នា​នេះ លោក​ក៏បាន​លើកទឹកចិត្ត​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​ទទួលស្គាល់​វៀតណាម​ជា «ប្រទេស​សេដ្ឋកិច្ច​ទីផ្សារ» ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី៕

administrator

Related Articles