កុមារី៤ឆ្នាំរងគ្រោះដោយហ្វូងឆ្កែខាំជាង១០០ចង្កូម ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ! ស្ថានភាពប្រសើរឡើងវិញ

កុមារី៤ឆ្នាំរងគ្រោះដោយហ្វូងឆ្កែខាំជាង១០០ចង្កូម ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ! ស្ថានភាពប្រសើរឡើងវិញ

ភ្នំពេញ៖ ដំណឹងល្អសម្រាប់គ្រួសារ ក៏ដូចជាមហាជន ដែលបានតាមដានករណីកុមារី ឌី ដានីន អាយុ ៤ឆ្នាំ រងរបួសធ្ងន់ធ្ងរដោយហ្វូងឆ្កែព្រួតខាំជាង ១០០ចង្កូម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិកោះស្រឡៅ ឃុំកោះកាលិ ស្រុកកោះកុង ខេត្តកោះកុង។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថានភាពសុខភាពរបស់កុមារីបានប្រសើរឡើងវិញហើយ ដោយបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងបន្តការព្យាបាលនៅបន្ទប់ថែទាំក្រោយការវះកាត់។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យផ្ទាល់។

កុមារីរងគ្រោះ

ប្រភពពីមន្ទីរពេទ្យដដែល បានឱ្យដឹងថា កុមារី ឌី ដានីន ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការព្យាបាលបឋមនៅមន្ទីរពេទ្យខេត្តកោះកុង។ ការបញ្ជូននេះ ធ្វើឡើងដោយសារកុមារីមានសញ្ញាស្លេកស្លាំង និងមានអាការៈវៀចមាត់ខាងស្តាំ។

នៅពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផា កុមារី ដានីន មានអាការៈភ័យស្លន់ស្លោ យំ និងឈឺចាប់ខ្លាំងដោយសាររបួសជាច្រើនកន្លែង ដែលត្រូវបានដេររួចហើយ រួមមានរបួសជ្រៅត្រង់ថ្ពាល់ស្តាំ របួសនៅលើភ្លៅ និងជើងទាំងសងខាង ដែលរបួសខ្លះមិនទាន់ស្ងួតល្អនៅឡើយ។ ក្រៅពីនេះ នាងក៏មានសភាពស្លេកស្លាំង និងវៀចមាត់ខាងស្តាំ ប៉ុន្តែក្រុមគ្រូពេទ្យបានបញ្ជាក់ថា មិនមានការប៉ះពាល់ដល់ខួរក្បាលនោះទេ។

ការព្យាបាលកុមារី

ជាផ្នែកមួយនៃការព្យាបាល កុមារីត្រូវបានបញ្ចូលឈាមចំនួន ១ប្លោក និងធ្វើការលាងសម្អាតរបួសឡើងវិញដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងបន្តចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឱ្យបានគ្រប់ដូស ដើម្បីធានាសុវត្ថិភាពដល់កុមារី។

administrator

Related Articles