ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក MAYBACH មួយគ្រឿង បើកក្នុងល្បឿនលឿនហួសហេតុ បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតអស់មួយដើម និងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ តែម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើប MAYBACH ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-3898 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនហោះហើរយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលឡើងលើខឿន ចាក់ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតតែម្តង។

រថយន្តបង្កត្រូវបានរងការខូចខាតស្ទើរមួយកំណាត់មុខទាំងស្រុង ប៉ុន្តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តដ៏ប្រណិតមួយគ្រឿងនេះនៅកណ្តាលផ្លូវ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកដល់វាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។



ដោយ៖ ភារ៉ា ដង្កោ
