ភ្នំពេញ៖ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពីក្តីបារម្ភ និងអំពាវនាវដល់អាជ្ញាធររាជធានី ខណ្ឌ សង្កាត់ ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ខណៈដែលស្ថិតិបានបង្ហាញថា ករណីភ្លើងឆេះមានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែតុលា កន្លងទៅ។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានី ក្រោមអធិបតីភាពតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី។

លោក ជួប ខុន បានសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីវិធានការការពារ និងបង្ការគ្រោះអគ្គិភ័យឱ្យបានជាប់ជាប្រចាំ ជាពិសេសនៅពេលដែលអត្រាគ្រោះថ្នាក់អគ្គិភ័យបានកើនឡើងគួរឱ្យបារម្ភកាលពីខែតុលា។

ទន្ទឹមនឹងនោះ លោក ជួប ខុន ក៏បានលើកឡើងពីបញ្ហាសំរាមផងដែរ។ លោកបានកត់សម្គាល់ថា ការគ្រប់គ្រង និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមានភាពល្អប្រសើរហើយ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលប្រជាពលរដ្ឋនៅខណ្ឌដង្កោបានរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុន។ ហេតុនេះ លោកបានស្នើដល់អាជ្ញាធរខណ្ឌ និងសង្កាត់ ឱ្យបន្តយកចិត្តទុកដាក់តាមដាន និងត្រួតពិនិត្យក្រុមហ៊ុនប្រមូលសំរាមជាប្រចាំ ដើម្បីធានាបាននូវសោភ័ណភាព អនាម័យ និងបរិស្ថានល្អសម្រាប់រាជធានីភ្នំពេញ។

ជាការឆ្លើយតប លោក ហួត ហៃ បានបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ នឹងបន្តខិតខំប្រឹងប្រែងការពារ និងបង្ការគ្រោះអគ្គិភ័យឱ្យបានល្អប្រសើរ។ លោកបន្ថែមថា អាជ្ញាធរនឹងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីវិធានការបង្ការគ្រោះអគ្គិភ័យ ហើយក្រៅពីនេះ ក៏នឹងបន្តពុះពារបង្ក្រាបបទល្មើសផ្សេងៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់រាជធានីភ្នំពេញ។

លោក ហួត ហៃ បានបន្តថា កាលពីខែតុលាកន្លងទៅ កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបបទល្មើសយ៉ាងល្អប្រសើរ ធ្វើឱ្យបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ រួមមាន៖ បទល្មើសព្រហ្មទណ្ឌ ៣៧ករណី, បទល្មើសគ្រឿងញៀន ៨៦ករណី, ក្មេងទំនើង ១៤ករណី និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (ONLINE SCAM) ៧ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់ ក្នុងចំណោម ៦សញ្ជាតិ។ គ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះដែរ។ ប៉ុន្តែអ្វីដែលជាចំណុចគួរបារម្ភ និងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត គឺគ្រោះថ្នាក់អគ្គិភ័យបានកើនឡើងរហូតដល់ ១១លើក ធៀបនឹង ៩លើក។ ដូច្នេះ សមាជិកក្រុមប្រឹក្សារាជធានី បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ បន្តផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ មានរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ ១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និង ៣. ស្តាប់របាយការណ៍លទ្ធផលការងារសម្រេចបានរបស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ។
