រោងចក្រ​កាត់ដេរ​នៅ​តាកែវ បំពុល​បរិស្ថាន! ក្រសួង​រក​ឃើញ​ការ​ដុត​សំណល់​ខុសច្បាប់

រោងចក្រ​កាត់ដេរ​នៅ​តាកែវ បំពុល​បរិស្ថាន! ក្រសួង​រក​ឃើញ​ការ​ដុត​សំណល់​ខុសច្បាប់

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​រក​ឃើញ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ខេត្តតាកែវ កំពុង​បំពុល​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ដុត​កាកសំណល់​ខុសច្បាប់ បញ្ចេញ​ផ្សែង​ខ្មៅ​ស្អុយ​គគ្រក់ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ហេតុការណ៍​នេះ​ត្រូវ​បាន​ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥។

រោងចក្រ​កាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ត្រូវ​បាន​រក​ឃើញ​ថា បាន​ដុត​កម្ទេច​ក្រណាត់ និង​ប្រេងម៉ាស៊ូត លាយ​ជាមួយ​អុស​សម្រាប់​ក្នុង​ឡ​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម និង​ក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ជុំវិញ​។

ទង្វើ​នេះ​គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​បរិស្ថាន ដោយ​បាន​ល្មើស​នឹង​មាត្រា ១៦១ និង​មាត្រា ៦៩៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​។ លើស​ពី​នេះ រោងចក្រ​ខាងលើ​ក៏​ពុំ​បាន​រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន​ក្នុង​រយៈពេល​៦​ខែ​ម្តង ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា​ការពារ​បរិស្ថាន​នោះ​ទេ ដែល​ជា​ការ​ល្មើស​នឹង​មាត្រា ៦៩៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​ដដែល​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ជា​បន្ទាន់​ទៅ​លើ​ក្រុមហ៊ុន​។ ក្នុង​នោះ ក្រុមហ៊ុន​ត្រូវ​បាន​តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ដុត​កម្ទេច​ក្រណាត់​ក្នុង​ឡ​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​តម្រូវ​ឲ្យ​រោងចក្រ​រៀបចំ​ត​បំពង់ផ្សែង​ឡ​ឲ្យ​បាន​ខ្ពស់​ផុត​ពី​ដី​ថែម​ទៀត ដើម្បី​ធានា​ថា​ផ្សែង​នឹង​មិន​ហុយ​ធ្លាក់​ទៅ​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ទៀត​ឡើយ​។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​។

ក្រុមហ៊ុន​នឹង​ត្រូវ​រង​ពិន័យ​អន្តរការណ៍​ស្រប​តាម​មាត្រា ៨២៦ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ចំពោះ​ការ​មិន​គោរព​ច្បាប់​ដែល​បាន​កំណត់​។

ក្រសួងបរិស្ថាន​បាន​ឆ្លៀត​ឱកាស​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្តា​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​បាន​គោរព​ច្បាប់បរិស្ថាន​បាន​ត្រឹមត្រូវ ព្រមទាំង​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន ដែល​បាន​ចូលរួម​រាយការណ៍​ពី​ករណី​បំពុលបរិស្ថាន​នៅ​កម្ពុជា​។

ជា​ចុងក្រោយ ក្រសួងបរិស្ថាន​បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យ​បន្ត​ចូលរួម​សាមគ្គី​គ្នា​ថែម​ទៀត ដើម្បី​ទប់ស្កាត់​រាល់​ការ​បំពុល​ដី បំពុល​ទឹក និង​បំពុល​ខ្យល់ ដើម្បី​កសាង​កម្ពុជា​មួយ​ដែល​មាន​ភាព​ស្អាត ធានា​សុខភាព​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​បរិស្ថាន ព្រមទាំង​លើកកម្ពស់​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។

administrator

Related Articles