ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីជនសង្ស័យរូបនេះ បានខ្ចីម៉ូតូរបស់ស្ដ្រីម្នាក់ទៅជិះមួយភ្លែត រួចបែរជាយកទៅលក់យកប្រាក់ស៊ីចាយអស់។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ហួរ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២។
តាមពាក្យបណ្តឹងរបស់ស្ដ្រីរងគ្រោះឈ្មោះ ផាន់ គុន្ធា អាយុ៣១ឆ្នាំ មានទីលំនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់គាត់ ម៉ាកសង់សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1 B 0709 ក្នុងគោលបំណងទៅទិញបាយមួយភ្លែត។ តែផ្ទុយទៅវិញ បន្ទាប់ពីបានម៉ូតូទៅហើយ ជនសង្ស័យបែរជាយកទៅលក់ និងយកប្រាក់នោះទៅចាយវាយអស់រលីង។

លុះដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ទើបក្រុមគ្រួសារស្ដ្រីរងគ្រោះ បានប្រទះឃើញជនសង្ស័យកំពុងដើរក្នុងភូមិ ក៏បានស្ទាក់ចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមនីតិវិធីច្បាប់។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីស្ដ្រីរងគ្រោះដើម្បីទៅទិញបាយមែន ប៉ុន្តែក្រោយមកក៏បែកគំនិតយកម៉ូតូទៅលក់ឲ្យគេនៅឯខេត្តកំពង់ចាម បានប្រាក់ចំនួន ២៥០ដុល្លារ ហើយក៏បានយកប្រាក់នោះទៅស៊ីចាយអស់រលីងទៅហើយ៕
