តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ បានឱ្យដឹងថា ផ្នែកមួយនៃស្ពានថ្មីសន្លាងមួយកន្លែងក្នុងខេត្ត Sichuan ប្រទេសចិន បានបាក់រលំទាំងស្រុង បន្ទាប់ពីតំបន់នោះរងការវាយប្រហារដោយបំណាក់ដី។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្ពានដែលបានបាក់រលំនេះ គឺស្ពាន Hongqi ដែលមានប្រវែងសរុប ៧៥៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Maerkang ខេត្ត Sichuan។ គួរឱ្យដឹងផងដែរថា ស្ពាននេះត្រូវបានបិទចរាចរណ៍មួយថ្ងៃមុនពេលកើតហេតុ បន្ទាប់ពីមានស្នាមប្រេះជាច្រើនបានលេចឡើងនៅលើចំណោតជិតនោះ។ ភ្លាមៗនោះ កម្លាំងប៉ូលិសក៏បានជម្លៀសរថយន្ត និងរារាំងការធ្វើដំណើរទាំងអស់ មុនពេលស្ពានបាក់រលំតែម្តង។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីចំនួនអ្នករងរបួស ឬស្លាប់នៅឡើយទេ។
ស្ពាន Hongqi នេះទើបតែត្រូវបានសាងសង់រួចកាលពីដើមឆ្នាំនេះ ដោយក្រុមហ៊ុន Sichuan Road & Bridge Group ដែលជាផ្នែកមួយនៃផ្លូវហាយវេសំខាន់មួយតភ្ជាប់ពីភាគកណ្តាលប្រទេសចិនទៅកាន់តំបបទីបេ។ ស្ពាននេះក៏ស្ថិតនៅជិតគម្រោងវារីអគ្គិសនី Shuangjiangkou ដែលគ្រោងនឹងក្លាយជាទំនប់ខ្ពស់បំផុតរបស់ពិភពលោកនៅពេលសាងសង់រួចរាល់ផងដែរ។
អាជ្ញាធរចិនបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបន្តបិទរហូតទាល់តែមានសុវត្ថិភាពឡើងវិញ ហើយពុំទាន់មានកាលបរិច្ឆេទជាក់លាក់សម្រាប់ការបើកដំណើរការឡើងវិញនោះទេ។
អត្ថបទដោយ៖ ក្រុមការងារព័ត៌មាន
