កម្ពុជា-អង់គ្លេស រឹតចំណងសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា

កម្ពុជា-អង់គ្លេស រឹតចំណងសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា

ភ្នំពេញ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជួបពិភាក្សាការងារជាមួយលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ ក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាប្រឈមរួមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្លែងក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប. បន្ថែមលើយន្តការដែលមានស្រាប់។ គោលបំណងគឺសម្របសម្រួលឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតបទល្មើសនេះពីមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីលទ្ធផលនៃប្រតិបត្តិការកន្លងមក និងបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ក្នុងការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្ការ ទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងព្រមទាំងបណ្ដាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់បំផុត។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត Dominic Williams បានសម្តែងការពេញចិត្ត និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ លោកឯកអគ្គរាជទូតក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្ពុជា និងបង្ហាញពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជាមានការអភិវឌ្ឍ និងរឹងមាំ។ លើសពីនេះ លោកក៏មានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយ គ.ប.ឆ.ប. ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមបច្ចេកវិទ្យានេះឱ្យកាន់តែខ្លាំងក្លា។

សរុបមក ភាគីទាំងពីរបានឯកភាពគ្នាពិភាក្សាអំពីជំហានបន្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ ឱ្យសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត។

administrator

Related Articles