រាជធានីភ្នំពេញ ៖ ក្នុងនាមជាមិត្តភក្តិដ៏ជិតស្និទ្ធ តារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស បានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លា ដោយចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ ១០០០ ដុល្លារអាមេរិក សម្រាប់ការបោះឆ្នោត (Vote) គាំទ្រយ៉ាងពេញទំហឹងទៅកាន់ កញ្ញា ហ្វីយ៉ាតា ដែលកំពុងបន្តបេសកកម្មតំណាងឲ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញា Miss Universe 2025 នៅលើឆាកអន្តរជាតិ។
កញ្ញា ហ្វីយ៉ាតា បានចំណាយពេលជាច្រើនថ្ងៃមកហើយ ក្នុងការប្រកួតប្រជែងសម្រស់ដ៏ធំមួយនេះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ។ បេក្ខភាពរូបនេះបានលះបង់ និងពុះពារយ៉ាងខ្លាំងក្លា ដើម្បីចូលរួមក្នុងកម្មវិធីមួយនេះ ទោះបីជាពេលបច្ចុប្បន្នកម្ពុជា និងថៃ កំពុងមានភាពចម្រូងចម្រាសគ្នាមួយចំនួនក៏ដោយ។

មកដល់វគ្គដែលតម្រូវឲ្យមានការបោះឆ្នោតគាំទ្រពីមហាជន ហ្វីយ៉ាតា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងអ្នកជំនាញ និងតារាល្បីៗជាច្រើនផងដែរ។ ក្នុងនោះ ជាពិសេសគឺតារាចម្រៀង ទេព បូព្រឹក្ស ដែលបានចេញមុខចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីចូលរួមបោះឆ្នោតគាំទ្រដល់ ហ្វីយ៉ាតា។

ជាមួយគ្នានេះ ទេព បូព្រឹក្ស ក៏បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងថា៖ «ពួកម៉ាក់ពិតជាក្លាហាន រឹងមាំណាស់ សំរាប់ខ្ញុំអ្នកពិតជាអស្ចារ្យ ស្អាត ឆ្លាត ពូកែ ក្លាហាន ទោះជាជួបព្យុះភ្លៀងយ៉ាងណា ក៏អ្នករឹងមាំ អ្នកស័ក្តិសមខ្លាំងបំផុតសំរាប់ម្កុដនេះ love you queen Fiyata – ហ្វីយ៉ាតា។» សារនេះបានបង្ហាញយ៉ាងច្បាស់ពីមិត្តភាព និងការលើកទឹកចិត្តដ៏ជ្រាលជ្រៅ។
ជាការឆ្លើយតប កញ្ញា ហ្វីយ៉ាតា ក៏បានបង្ហោះសារអរគុណទៅកាន់ ទេព បូព្រឹក្ស វិញផងដែរថា៖ «អរគុណមិត្តភក្តិខ្លាំងណាស់ Tep Boprek សម្រាប់ទឹកចិត្ត និងផ្តល់តម្លៃនូវមិត្តភាពមួយនេះ មិនដឹងថាត្រូវនិយាយបែបណាទើបសាកសមទៅចំពោះក្តីស្រឡាញ់ និងទឹកចិត្តដ៏ស្មោះត្រង់មួយនេះ ទោះបីជាមិត្តភក្តិរវល់ការងារ រកស៊ីយ៉ាងណាក៏ឃើញនូវការខិតខំរបស់គ្នាក្នុងការយកឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។» នាងក៏បានបន្ថែមទៀតថា ក្តីស្រលាញ់និងមិត្តភាពមួយនេះមិនអាចមានអ្វីមកប្រៀបបាន មិត្តគឺជាគំរូដ៏ល្អសំរាប់គ្នា គ្នាជូនពរឯងអោយរកស៊ីកាន់តែទទួលទានមានបាន និងគ្រួសារមានសុភមង្គល សំណាងល្អ និងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ។ នេះហើយជាកម្លាំងរួមគ្នាដ៏សំខាន់ដើម្បីផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។

ជាការកត់សម្គាល់ បន្ទាប់ពីបានឃើញនូវការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងមិត្តភក្តិជាទីស្រលាញ់ ហ្វីយ៉ាតា បានសម្តែងការអរគុណ និងមោទនភាពយ៉ាងខ្លាំង ខណៈពេលដែលនាងចាត់ទុកសកម្មភាពនេះ គឺជាកម្លាំងចិត្តមួយដ៏ធំបន្ថែមទៀតសម្រាប់រូបនាង ក្នុងការបន្តខិតខំប្រកួតប្រជែងនៅក្នុងកម្មវិធីដ៏ធំមួយនេះ។
គួរបញ្ជាក់ថា មុនពេលចេញទៅប្រកួតកម្មវិធី Miss Universe នាពេលនេះ កញ្ញា ហ្វីយ៉ាតា ក៏បានជួបប្រទះនូវភាពចម្រូងចម្រាស់មួយចំនួនជាមួយនឹងស្ថាប័នដែលទិញសិទ្ធិកម្មវិធីមួយនេះនៅក្នុងស្រុកផងដែរ ដោយម្ចាស់ស្ថាប័នបានចេញលិខិតបញ្ជាក់ពីការមិនទទួលខុសត្រូវចំពោះនាង សម្រាប់ការចេញទៅប្រកួតកម្មវិធីនេះក្នុងប្រទេសថៃនោះឡើយ។

តែយ៉ាងណា កញ្ញា ហ្វីយ៉ាតា នៅតែជម្នះរាល់ឧបសគ្គ ដោយនាងបានសម្រេចចិត្តបន្តចេញទៅប្រកួតកម្មវិធីដ៏ធំមួយនេះដដែល។ នាងបានសម្អាងថា កម្មវិធីកម្រិតអន្តរជាតិដ៏ធំមួយនេះ មិនអាចអត់មានទង់ជាតិកម្ពុជានោះឡើយ ទោះបីជាមានភាពចម្រូងចម្រាស់រវាងកម្ពុជា-ថៃ ក៏ដោយ។ សកម្មភាពនេះបានបង្ហាញពីការតាំងចិត្តដ៏មុតមាំរបស់នាងក្នុងការតំណាងប្រទេសជាតិ។
