ខេត្តត្បូងឃ្មុំ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយ បានធ្វើឡើងយ៉ាងក្ដៅគគុកនៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្លាំងចម្រុះ រួមមានខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ២ បានបើកយុទ្ធនាការនេះដោយសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងការរឹបអូស និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំកម្លាំងផ្ទាល់ចុះត្រួតពិនិត្យ និងបង្ក្រាបនៅចំណុចទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញ និងរុះរើបំផ្លាញឧបករណ៍នេសាទស្បៃមុងខុសច្បាប់ជាច្រើន រួមមាន លូស្បៃមុងចំនួន ១០មាត់ របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១៦០ដើម។ មិនតែប៉ុណ្ណោះ កូនត្រីប្រមាណ ៥គីឡូក្រាម ដែលជាប់នៅក្នុងឧបករណ៍ទាំងនោះ ក៏ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញភ្លាមៗផងដែរ ដើម្បីធានានូវការអភិរក្សធនធានជលផល។
លោក នាយផ្នែកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេះ នឹងបន្តអនុវត្តជាបន្តបន្ទាប់នៅតាមបឹងសំខាន់ៗជាច្រើនទៀត ដូចជា បឹងមាត់ខ្មង់ បឹងក្រចាប់ បឹងត្រែង បឹងកាពិត ព្រែកជីក ព្រែកពាមជីលាំង និងបឹងកំពង់រ័ត្នជាដើម។ ការងារនេះធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ទៅតាមបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនពីលោកអភិបាលខេត្ត និងលោកប្រធានមន្ទីរកសិកម្មខេត្ត ដើម្បីធានាឲ្យមច្ឆាជាតិមានការសម្បូរបែបឡើងវិញ ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់ជីវភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរយើង។
