ហេតុការណ៍មួយបានធ្វើឲ្យប្រជាជនថៃជាច្រើនមានការខ្មាសអៀន និងផ្ទុះការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីវីដេអូរបស់ YouTuber និង Influencer ជនជាតិកូរ៉េដ៏ល្បីម្នាក់ បានបង្ហាញពីបទពិសោធន៍របស់លោក ដែលបានទិញសម្លៀកបំពាក់ក្នុងតម្លៃថ្លៃហួសហេតុ ពីអ្នកលក់នៅផ្សារបណ្ដែតទឹកមួយកន្លែង ក្នុងខេត្តរ៉ាចាបុរី (Ratchaburi)។
ការជជែកវែកញែកយ៉ាងក្ដៅគគុកបានកើតឡើងពេញបណ្ដាញសង្គម បន្ទាប់ពី YouTuber ឈ្មោះ Cullen និងមិត្តរួមក្រុម Phi Jong ដែលជាម្ចាស់ឆានែល “Cullen HateBerry” បានបង្ហោះវីដេអូដំណើរទៅកាន់ផ្សារបណ្ដែតទឹកមួយក្នុងប្រទេសថៃ។ ក្នុងវីដេអូនោះ ពួកគេបានប្រាប់ថា អ្នកលក់សម្លៀកបំពាក់ម្នាក់បានស្រែកហៅពួកគេ រួចប្រើទំពក់ទាក់ទូករបស់ពួកគេចូលទៅក្នុងហាងតែម្ដង។

អ្វីដែលគួរឲ្យហួសចិត្តនោះគឺ នៅពេលពួកគេសួររកតម្លៃ អ្នកលក់បែរជាគេចវេសមិនព្រមប្រាប់ត្រង់ៗ ដោយគ្រាន់តែនិយាយថា “មិនថ្លៃទេៗ”។ បន្ទាប់ពីព្យាយាមសួរម្ដងហើយម្ដងទៀត អ្នកលក់ក៏បានប្រាប់ថា អាវសប៉ាក់រូបនាគមានតម្លៃ ៦០០ បាត ដោយអះអាងថាជាការប៉ាក់រូបនាគបែបថៃ ទើបថ្លៃ។ YouTuber វ័យក្មេងរូបនេះបានសុំបញ្ចុះតម្លៃមកត្រឹម ៤០០ បាត តែអ្នកលក់មិនព្រម ហើយទម្លាក់មកត្រឹម ៥៥០ បាត វិញ។ ជាចុងក្រោយ ពួកគេក៏ត្រូវបង្ខំចិត្តទិញខោដំរីខ្មៅមួយទៀតក្នុងតម្លៃ ៤០០ បាត ដែលសរុបទាំងអស់ ៩០០ បាត (សម្រាប់អាវ និងខោ)។

ភ្លាមៗនោះ បន្ទាប់ពីវីដេអូនេះបានផ្សព្វផ្សាយរីករាលដាលពេញបណ្ដាញសង្គម អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនក្នុងប្រទេសថៃ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើអាជីវកររូបនោះ ចំពោះការលក់ទំនិញថ្លៃហួសហេតុ បង្ហាញពីភាពអាម៉ាស់របស់ប្រទេសជាតិ និងបានទាមទារឲ្យអាជ្ញាធរទេសចរណ៍ថៃ ចាត់វិធានការ ដើម្បីរក្សាកិត្តិយស និងមុខមាត់វិស័យទេសចរណ៍របស់ខ្លួន។
កាន់តែពិសេស វីដេអូនេះបានជំរុញឲ្យមានការជជែកដេញដោលយ៉ាងទូលំទូលាយអំពីតម្លៃលក់ទំនិញនៅក្នុងផ្សារបណ្ដែតទឹកទាំងមូលតែម្ដង។ ភ្លាមៗនោះ ការិយាល័យទំនាក់ទំនងសាធារណៈខេត្តរ៉ាចាបុរី ក៏បានចេញសេចក្តីថ្លែងការណ៍នៅលើហ្វេសប៊ុក ដោយបញ្ជាក់ថា ករណីអ្នកមានឥទ្ធិពលកូរ៉េត្រូវបានដោះស្រាយហើយ ដោយមន្ត្រីបានចេញលិខិតព្រមាន និងពិន័យជាប្រាក់តាមផ្លូវច្បាប់ទៅលើអាជីវករដែលបានប្រព្រឹត្តខុសនោះ៕
