ភ្ញាក់ផ្អើល! ចោរ៤នាក់ឆ្លងចូលឃ្លាំងនំបញ្ចុក លួចម៉ូតូ២គ្រឿងទាំងកណ្ដាលយប់ ក្នុងខណ្ឌកំបូល

ភ្ញាក់ផ្អើល! ចោរ៤នាក់ឆ្លងចូលឃ្លាំងនំបញ្ចុក លួចម៉ូតូ២គ្រឿងទាំងកណ្ដាលយប់ ក្នុងខណ្ឌកំបូល

ឃ្លាំងសិប្បកម្មផលិតនំបញ្ចុកមួយកន្លែង ត្រូវបានក្រុមចោរកម្មមួយក្រុមឆ្កឹះសោចូលលួចម៉ូតូ២គ្រឿងយ៉ាងរលូនគេចខ្លួនបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងសិប្បកម្មខាងលើ ស្ថិតនៅតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ម៉ូតូទាំង២គ្រឿងដែលជនសង្ស័យលួចនោះ រួមមាន៖ ម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JW-8008 ជារបស់ម្ចាស់ឈ្មោះ ស៊ិន សុផារ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ និងមួយគ្រឿងទៀតម៉ាក Beat ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1iV-9220 ជារបស់ម្ចាស់ឈ្មោះ តុង ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលជាម្ចាស់សិប្បកម្ម។

ម្ចាស់សិប្បកម្មបានរៀបរាប់ឱ្យដឹងថា នៅយប់មុនពេលកើតហេតុ រូបគាត់បានចាក់សោឃ្លាំងយ៉ាងត្រឹមត្រូវ រួចទៅសម្រាកនៅផ្ទះក្បែរនោះ។ ក្នុងឃ្លាំងមានកម្មករស្នាក់នៅ៧នាក់ ដែលចេញចូលតាមទ្វារតូច។ លុះដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឈ្មោះ នាង តូច ភេទប្រុស ជាបុគ្គលិកដែលជួលផ្ទះស្នាក់នៅខាងក្រៅ បានមកដឹកនំបញ្ចុកឱ្យម៉ូយ ក៏ប្រទះឃើញទ្វារឃ្លាំងចំហ ហើយបន្ទប់កម្មករទាំង៧នាក់ដែលស្នាក់នៅ ត្រូវបានគេខ្ទាស់សោពីក្រៅជាប់។

តាមរយៈការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា ក្រុមចោរមានគ្នា៤នាក់ បានធ្វើសកម្មភាពឆ្កឹះសោចូលលួចយកម៉ូតូ២គ្រឿងជាបន្តបន្ទាប់ នៅវេលាម៉ោង១ និង៤២នាទីរំលងអាធ្រាត្រ។ ក្នុងនោះ ជនសង្ស័យ២នាក់បានយកជើងធាក់ដៃចង្កូតម៉ូតូ Scoopy កាច់សោ.ក រួចបណ្តើរចេញ ហើយ២នាក់ទៀតបានយកជើងធាក់កាច់សោ.កម៉ូតូ Beat រួចបណ្តើរចេញបានដោយសុវត្ថិភាព។ ម្ចាស់ម៉ូតូបានសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

administrator

Related Articles