អាជ្ញាធរតៃវ៉ាន់បានចេញសេចក្តីព្រមានបន្ទាន់ និងបានជម្លៀសប្រជាពលរដ្ឋជាង ៣,០០០ នាក់ កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បន្ទាប់ពីព្យុះទីហ្វុង Fung-wong បាននិងកំពុងបោកបក់សំដៅមកកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះនេះ ដោយនាំមកនូវហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ជាយថាហេតុ។
![]()
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ព្យុះទីហ្វុង Fung-wong ដែលបានចុះខ្សោយកម្លាំងបន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន និងបណ្តាលឱ្យមនុស្ស ៨ នាក់បាត់បង់ជីវិត ត្រូវបានគេរំពឹងថានឹងបោកបក់ទៅកៀកទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃពុធ មុនពេលឆ្លងកាត់ភាគខាងត្បូងនៃកោះតៃវ៉ាន់ និងបន្តទៅតំបន់ភាគខាងកើត Taitung និង Hualien។
អាជ្ញាធរបានចេញបញ្ជាឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងស្រុក និងទីក្រុងចំនួនបួន ដោយបានផ្លាស់ប្តូរមនុស្សសរុបចំនួន ៣,៣៣៧ នាក់ ទៅកាន់តំបន់សុវត្ថិភាព។ ទីប្រជុំជន Guangfu ក្នុងទីក្រុង Hualien ដែលធ្លាប់មានមនុស្ស ១៨ នាក់បានស្លាប់ដោយសារទឹកជំនន់ អំឡុងពេលព្យុះទីហ្វុង កាលពីខែកញ្ញា ក៏ស្ថិតក្នុងចំណោមតំបន់ដែលត្រូវជម្លៀសផងដែរ។
![]()
សាលារៀន និងការិយាល័យនានាត្រូវបានបិទទ្វារកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Hualien និងទីក្រុង Yilan ខណៈដែលមន្ត្រីបានព្រមានអំពីលទ្ធភាពនៃការបាក់ដី និងការហូរច្រោះទឹកទន្លេ។
លោកប្រធានាធិបតី Lai Ching-te បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនៅឱ្យឆ្ងាយពីតំបន់ភ្នំ តំបន់ឆ្នេរ និងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសង្កត់ធ្ងន់ថា សុវត្ថិភាពសាធារណៈគួរតែជាអាទិភាពចម្បង។
ទោះជាយ៉ាងណា ក្រុមអ្នកឧតុនិយមបានប្រកាសថា តំបន់ភាគខាងជើងនៃកោះតៃវ៉ាន់ រួមទាំងទីក្រុង Hsinchu ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដ៏សំខាន់ នឹងមិនរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងនេះនោះទេ។
