ព្រះសីហនុ៖ ជំនាញព្រហ្មទណ្ឌ បង្ក្រាបករណីប៉ុនប៉ងកាប់គ្នាដ៏កក្រើក រឿងជំពាក់លុយ ឃាត់ខ្លួន៩នាក់

ព្រះសីហនុ៖ ជំនាញព្រហ្មទណ្ឌ បង្ក្រាបករណីប៉ុនប៉ងកាប់គ្នាដ៏កក្រើក រឿងជំពាក់លុយ ឃាត់ខ្លួន៩នាក់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសពីការបង្ក្រាបករណីហិង្សាដ៏គ្រោះថ្នាក់មួយ ដែលពាក់ព័ន្ធនឹងជម្លោះបំណុល រហូតឈានដល់ការប៉ុនប៉ងកាប់គ្នាទៅវិញទៅមក រវាងក្រុមយុវជនពីរក្រុម។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តផ្ទាល់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៦:៣០នាទីល្ងាច នៅលើកំណាត់ផ្លូវមួយក្នុងក្រុងព្រះសីហនុ។ ក្រុមយុវជនទាំងពីរ បានប្រើពាក្យសំដីប្រកែកគ្នា រួចក៏ឈានដល់ការដកកាំបិតផ្គាក់ និងកាំបិតបុ័ងតោប៉ុនប៉ងកាប់ប្រហារគ្នាទៅវិញទៅមក បង្កជាភាពចលាចលយ៉ាងខ្លាំង។ ក្រោយបង្កហេតុ ជនសង្ស័យទាំងអស់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ កម្លាំងនគរបាលជំនាញ ក្រោមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាប់ផ្តើមស្រាវជ្រាវភ្លាមៗ។ ជាលទ្ធផល ជនសង្ស័យទាំង២ក្រុម សរុបចំនួន ៩នាក់ (ក្នុងនោះមានស្រី ៤នាក់) ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប៉ុនប៉ងកាប់គ្នារឿងជំពាក់លុយនេះ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កាំបិតចំនួន ២ដើម ម៉ូតូ ១គ្រឿង និងទូរស័ព្ទចំនួន ៦គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីចាត់ការបន្ត៕

administrator

Related Articles