កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រំពឹងកំណើនភ្ញៀវ និងវិនិយោគខ្ពស់!

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រំពឹងកំណើនភ្ញៀវ និងវិនិយោគខ្ពស់!

រាជធានីរីយ៉ាដ៖ កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះកន្លងមក ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ។ ក្នុងជំនួបនោះ លោក ហួត ហាក់ បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយលោក Nadir Alpaslan អនុរដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើការអនុវត្ត MOU ឲ្យកាន់តែជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស រៀបចំផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម។ គោលបំណងសំខាន់ គឺដើម្បីបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាជំរុញលំហូរវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការនេះ ក៏ស្របពេលនឹងគម្រោងតភ្ជាប់ជើងហោះហើរត្រង់នាពេលខាងមុខ រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដែលនឹងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។ នេះនឹងក្លាយជាកត្តាដ៏សំខាន់មួយក្នុងការសម្រួលដល់ការធ្វើដំណើរ និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ជំនួបពិភាក្សានេះបានបញ្ចប់ទៅដោយលទ្ធផលជាផ្លែផ្កា និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឲ្យបាននូវគោលដៅរួមគ្នា។

រាជធានីរីយ៉ាដ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយ៖ សិលា

administrator

Related Articles