កម្ពុជាថ្កោលទោសដាច់អហង្ការ! ទាហានថៃបាញ់ប្រហារលើពលរដ្ឋខ្មែរ២លើក បណ្តាលឲ្យរបួស៣នាក់ និងស្លាប់ម្នាក់ នៅបន្ទាយមានជ័យ

កម្ពុជាថ្កោលទោសដាច់អហង្ការ! ទាហានថៃបាញ់ប្រហារលើពលរដ្ឋខ្មែរ២លើក បណ្តាលឲ្យរបួស៣នាក់ និងស្លាប់ម្នាក់ នៅបន្ទាយមានជ័យ

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាពលរដ្ឋខ្មែរចំនួន២លើក នៅតាមតំបន់ព្រំដែន បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់។ នេះបើតាមការជម្រាបជូនរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ហេតុការណ៍បាញ់ប្រហារលើកទីមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៥:៥០នាទីរសៀល និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច ដោយក្រុមយោធាថៃបានបន្តធ្វើសកម្មភាពយោធារបស់ខ្លួនមកលើប្រជាជនកម្ពុជា រហូតមកទល់នឹងពេលនេះ។ ទីតាំងកើតហេតុគឺនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ជនស៊ីវិលខ្មែរចំនួន ០៣ រូបបានរងរបួស ខណៈ ០១ រូបទៀតបានបាត់បង់ជីវិតយ៉ាងអណោចអធម។ ការវាយប្រហារនេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃបានបង្កហេតុជាច្រើនលើករាប់មិនអស់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ឲ្យមានការប៉ះទង្គិចគ្នា។
Cambodia-Thailand Border Incident
ក្នុងហេតុការណ៍ដ៏តានតឹងនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ដែលមិនបានប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុផងដែរ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ភាគីកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរព និងការអនុវត្តបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងគោលការណ៍ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជនទូទៅ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានអំពីស្ថានភាពដ៏រសើបនេះ។

administrator

Related Articles