ស៊ីរីបដិសេធ​កិច្ច​ចរចា​ជាមួយ​អ៊ីស្រាអែល ទោះ​លោក​ត្រាំ​ព្យាយាម​សម្របសម្រួល​យ៉ាងណា​ក៏ដោយ!

ស៊ីរីបដិសេធ​កិច្ច​ចរចា​ជាមួយ​អ៊ីស្រាអែល ទោះ​លោក​ត្រាំ​ព្យាយាម​សម្របសម្រួល​យ៉ាងណា​ក៏ដោយ!

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាន​ប្រកាស​យ៉ាង​ច្បាស់​ពី​ជំហរ​រឹងមាំ​របស់​ខ្លួន​ថា ក្រុង​ដាម៉ាស​នឹង​មិន​ចូលរួម​កិច្ចចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ីស្រាអែល​នៅ​ពេល​នេះ​ឡើយ។ ការ​បដិសេធ​នេះ​កើត​ឡើង​ចំ​ពេល​អ៊ីស្រាអែល​នៅ​តែ​បន្ត​កាន់កាប់​តំបន់ Golan Heights ទោះបី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ខិតខំ​សម្របសម្រួល​គំនិត​ផ្តួចផ្តើម​ «កិច្ចព្រមព្រៀង Abraham» របស់​លោក​ក៏​ដោយ។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​ចន្ទ ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក Sharaa បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា៖ «ស្ថានការណ៍​នៅ​ស៊ីរី​គឺ​ខុស​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង Abraham។ ស៊ីរី​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​បាន​កាន់កាប់​តំបន់ Golan Heights តាំង​ពី​ឆ្នាំ១៩៦៧ មក​ម្ល៉េះ។ យើង​នឹង​មិន​ចូលរួម​កិច្ចចរចា​ដោយ​ផ្ទាល់​នៅ​ពេល​នេះ​ទេ។ ប្រហែល​ជា​រដ្ឋបាល​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ អាច​ជួយ​យើង​ឲ្យ​ឈាន​ដល់​ការ​ចរចា​បែប​នេះ​បាន»។

កិច្ចព្រមព្រៀង Abraham ដែល​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​អាណត្តិ​ដំបូង​របស់​លោក​ត្រាំ មាន​គោលបំណង​កសាង​ទំនាក់ទំនង​ឡើងវិញ​រវាង​អ៊ីស្រាអែល និង​រដ្ឋ​អារ៉ាប់​មួយ​ចំនួន រួម​មាន បារ៉ែន ម៉ារ៉ុក ស៊ូដង់ និង​អារ៉ាប់រួម។ កាហ្សាក់ស្ថាន​ទើប​តែ​បាន​ក្លាយ​ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​កាលពី​សប្តាហ៍​មុន។

លោក​ត្រាំ​បាន​សម្តែង​ក្តីសង្ឃឹម​ថា នៅ​ទីបំផុត ស៊ីរី និង​អារ៉ាប៊ីសាអូឌីត ក៏​នឹង​អាច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។

នៅ​ពេល​សួរ​អំពី​វត្តមាន​កងកម្លាំង​យោធា​អាមេរិក​នៅ​ស៊ីរី និង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម ISIS លោក Sharaa បាន​បញ្ជាក់​ថា កងកម្លាំង​អាមេរិក​គួរ​តែ​សម្របសម្រួល​ប្រតិបត្តិការ​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។ លោក​បាន​លើកឡើង​ថា៖ «យើង​ត្រូវ​ពិភាក្សា​លើ​បញ្ហា​ទាំងនេះ ហើយ​ឈាន​ដល់​កិច្ចព្រមព្រៀង​រួម​មួយ​ទាក់ទង​នឹង​ក្រុម ISIS»។

គួរ​រំឭក​ផង​ដែរ​ថា ក្រោយ​កិច្ចប្រជុំ​ផ្ទាល់​មុខ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​ស៊ីរី ដែល​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​សេតវិមាន​ក្នុង​រយៈ​ពេល​ជិត ៨០ឆ្នាំ លោក​ត្រាំ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង «ធ្វើ​អ្វីៗ​គ្រប់​យ៉ាង» ដើម្បី​ជួយ​ស៊ីរី «ឲ្យ​ទទួល​បាន​ជោគជ័យ»។ លោក​ត្រាំ​បាន​កោតសរសើរ​លោក Sharaa ថា​ជា «មេដឹកនាំ​ដ៏​រឹងមាំ» ដែល «កំពុង​ព្យាយាម​កសាង​ប្រទេស​របស់​លោក​ឡើងវិញ​បន្ទាប់​ពី​អតីតកាល​ដ៏​លំបាក»។ មេដឹកនាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​ងើប​ឡើង​វិញ​របស់​ប្រទេស​ស៊ីរី ក្រោយ​ការ​បញ្ចប់​ការ​គ្រប់គ្រង​ជាច្រើន​ទសវត្សរ៍​របស់​គ្រួសារ Assad ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដក​ទណ្ឌកម្ម​ដែល​នៅ​សេសសល់ និង​ធ្វើ​សមាហរណកម្ម​ក្រុង​ដាម៉ាស​ឡើងវិញ​ទៅ​ក្នុង​ឆាក​ការទូត​អន្តរជាតិ។

administrator

Related Articles