IEA ទម្លាយការព្យាករណ៍ថ្មី! តម្រូវការប្រេង-ឧស្ម័ន អាចបន្តកើនឡើងដល់ឆ្នាំ២០៥០ ផ្ទុយពីការរំពឹងទុក!

IEA ទម្លាយការព្យាករណ៍ថ្មី! តម្រូវការប្រេង-ឧស្ម័ន អាចបន្តកើនឡើងដល់ឆ្នាំ២០៥០ ផ្ទុយពីការរំពឹងទុក!

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍ព្យាករណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធនេះ ដោយបង្ហាញថា តម្រូវការប្រេង និងឧស្ម័នសកលអាចនឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០៥០។ ការរកឃើញនេះគឺផ្ទុយស្រឡះពីការរំពឹងទុកពីមុន ដែលថាពិភពលោកនឹងងាកទៅរកការប្រើប្រាស់ឥន្ធនៈស្អាតទាំងស្រុង។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ IEA ក៏បានព្រមានផងដែរថា ពិភពលោកនឹងបរាជ័យក្នុងការសម្រេចគោលដៅអាកាសធាតុដ៏សំខាន់ ដែលផ្តោតខ្លាំងលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីទស្សនវិស័យថាមពលពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃពុធដដែលនោះ IEA បានព្យាករក្រោមសេណារីយ៉ូគោលនយោបាយបច្ចុប្បន្នថា តម្រូវការប្រេងនឹងកើនឡើងដល់ ១១៣ លានបារ៉ែលក្នុងមួយថ្ងៃនៅពាក់កណ្តាលសតវត្សរ៍ (ឆ្នាំ២០៥០) ដែលជាការកើនឡើងប្រមាណ ១៣% ពីកម្រិតប្រើប្រាស់ឆ្នាំ២០២៤។

ភ្នាក់ងារអន្តរជាតិមួយនេះបានបន្ថែមថា តម្រូវការថាមពលសកលនឹងកើនឡើង ៩០ Exajoule (EJ) នៅឆ្នាំ២០៣៥ ដែលស្មើនឹងការកើនឡើង ១៥% ពីកម្រិតបច្ចុប្បន្ន។

របាយការណ៍ថ្មីនេះក៏បានរួមបញ្ចូលសេណារីយ៉ូអព្យាក្រឹតកាបូន ដែលបង្ហាញផ្លូវឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នពីថាមពលរបស់សកលឱ្យដល់ «សូន្យសុទ្ធ» នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាង ១៩០ បានសន្យាក្នុងកិច្ចពិភាក្សាអាកាសធាតុនៅទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥ ដើម្បីព្យាយាមរក្សាពិភពលោកមិនឱ្យឡើងកម្តៅលើសពី ១,៥ អង្សាសេ ធៀបនឹងមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ ប៉ុន្តែបើតាមរបាយការណ៍ថ្មី ពិភពលោកនឹងឡើងកម្តៅលើសពី ១,៥ អង្សាសេ នៅគ្រប់សេណារីយ៉ូទាំងអស់។

IEA ដែលជាអង្គការឃ្លាំមើលសន្តិសុខថាមពលរបស់លោកខាងលិច បានស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការផ្តោតលើគោលនយោបាយថាមពលស្អាត ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកពង្រីកផលិតកម្មប្រេង និងឧស្ម័នបន្ថែមទៀត។ ផ្ទុយទៅវិញ ក្នុងអាណត្តិរបស់លោក ចូ បៃដិន IEA បានព្យាករថា តម្រូវការប្រេងសកលនឹងឡើងដល់កម្រិតកំពូលក្នុងទសវត្សរ៍នេះ ហើយបាននិយាយថា ប្រសិនបើពិភពលោកចង់សម្រេចបានគោលដៅអាកាសធាតុ នោះមិនចាំបាច់វិនិយោគបន្ថែមលើប្រេង និងឧស្ម័នទៀតទេ។

administrator

Related Articles