មណ្ឌលគិរី៖ សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនដ៏ត្រចះត្រចង់ ក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម

មណ្ឌលគិរី៖ សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនដ៏ត្រចះត្រចង់ ក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម

ខេត្តមណ្ឌលគិរី ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងវិស្វកម្ម គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បាននិងកំពុងសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ។ ជាក់ស្ដែង កាលពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការដ្ឋានផ្លូវតភ្ជាប់ និងផ្លូវខ្សែក្រវាត់ព្រំដែនខាងលើនេះ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានសំដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។ កិច្ចខិតខំប្រឹងប្រែងដ៏មោះមុតនេះ បានធ្វើឱ្យការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង សម្រេចបាននូវលទ្ធផលយ៉ាងធំធេង និងគួរឱ្យកត់សម្គាល់រហូតមកដល់បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ មិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមរតកប្រវត្តិសាស្ត្រដ៏សំខាន់ និងមានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ។ ផ្លូវនេះបាននឹងកំពុងលេចចេញជារូបរាងយ៉ាងរឹងមាំ និងមានគុណភាពល្អក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនប្រកបដោយចីរភាព។

ប្រភព ៖ បញ្ជាការដ្ឋានវិស្វកម្ម

administrator

Related Articles