ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើងនៅតាមសាលារៀននានា។ លោកសង្កត់ធ្ងន់ថា ការអប់រំជាដំណោះស្រាយប្រសើរជាងការចាប់បង្ក្រាបផ្ទាល់ ដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារជនរងគ្រោះ។

ការណែនាំនេះធ្វើឡើងតាមរយៈលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក្នុងឱកាសចុះយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន (រួមទាំងបារីអេឡិចត្រូនិច) និងក្មេងទំនើង នៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសិស្សានុសិស្សចំនួន ២៧០៧នាក់ និងលោកគ្រូអ្នកគ្រូ ១០៣នាក់ ដោយមានការសម្របសម្រួលពីក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។

លោក ណុល ដារ៉ា បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកូនក្មួយយុវជន ដោយមិនចង់ឱ្យពួកគាត់បាត់បង់អនាគត និងប៉ះពាល់កិត្តិយសក្រុមគ្រួសារដោយសារការចាប់ខ្លួននោះឡើយ។ លោកឧត្តមសេនីយ៍បានផ្តាំផ្ញើសារអប់រំថា៖ «ដើម្បីអនាគតរបស់ក្មួយៗ សូមគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់ ព្រោះច្បាប់មិនដែលលើកលែងឱ្យក្មួយៗដែលពាក់ព័ន្ធនឹងអំពើល្មើសឡើយ»។

យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យ និងសាលានានា គឺដើម្បីក្រើនរំឭក ដាស់តឿនសិស្សានុសិស្សឱ្យយល់ដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម។ សារអប់រំនេះមានប្រយោជន៍ជួយយុវជនជៀសវាងការប្រើប្រាស់សារធាតុញៀន កាត់បន្ថយអំពើឧក្រិដ្ឋដូចជាលួច ឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងជៀសវាងប៉ះពាល់ដល់សង្គមជាតិ។

សមត្ថកិច្ចរំពឹងថា ការអប់រំផ្សព្វផ្សាយនឹងជួយកាត់បន្ថយបញ្ហា ពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយយុវជនឱ្យមានសុខភាពល្អ មានសមត្ថភាពរៀនសូត្រ និងធ្វើការបានល្អ ដែលជាការការពារដ៏ប្រសើរបំផុត។

លោកវរសេនីយ៍ទោ ណុល ដារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុវជនថា យុវជនជាសសរទ្រូងនៃសង្គមជាតិ ហើយភាពរឹងមាំរបស់ជាតិគឺអាស្រ័យលើធនធានមនុស្សជាពិសេសយុវជនគ្រប់ជំនាន់។ ដូច្នេះ លោកជំរុញឱ្យយុវជនទាំងអស់ត្រូវដកខ្លួនជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាកល្បងឱ្យសោះ ហើយត្រូវឆ្លើយថា «ទេ» ចំពោះគ្រឿងញៀន។ ជាមួយគ្នានេះ ក៏ត្រូវបញ្ឈប់រាល់សកម្មភាពប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើង ដែលរាជរដ្ឋាភិបាលកំពុងលុបបំបាត់ឱ្យអស់ពីសង្គម។

