នាពេលថ្មីៗនេះ សារព័ត៌មាន TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានលើកឡើងថា ប្រទេសនានា ជាពិសេសនៅតំបន់អាស៊ី អាហ្រ្វិក អារ៉ាប់ និងអាមេរិកឡាទីន កំពុងក្លាយជាដៃគូយូរអង្វែងរបស់រុស្ស៊ី ដោយងាកមកជ្រើសរើសទិញអាវុធពីទីក្រុងម៉ូស្គូ កាន់តែច្រើនជំនួសឲ្យអាវុធពីលោកខាងលិច។
នៅក្នុងបទសម្ភាសន៍មួយអបអរសាទរខួបលើកទី២៥ នៃសាជីវកម្ម Rosoboronexport ដែលជាក្រុមហ៊ុននាំចេញអាវុធដ៏ធំរបស់រុស្ស៊ី លោក Lavrov បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏រឹងមាំនេះ ត្រូវបានកសាងឡើងជាយូរណាស់មកហើយជាមួយនឹងបណ្តាប្រទេសទាំងនោះ។ លោកបន្តថា ប្រទេសមួយចំនួនធ្លាប់ពឹងផ្អែកលើក្រុមហ៊ុនផលិតអាវុធពីបស្ចឹមលោក ប៉ុន្តែដោយសារបច្ចុប្បន្នភាពនៃសកលលោក និងជម្លោះប្រដាប់អាវុធជាច្រើនប្រភេទ បានធ្វើឲ្យពួកគេដឹងថា អាវុធរបស់រុស្ស៊ី គឺជាជម្រើសដ៏ល្អបំផុត។
លោក Lavrov ក៏បានបន្ថែមទៀតថា អាវុធរុស្ស៊ីមានលក្ខណៈងាយស្រួលប្រើប្រាស់ជាង ព្រមទាំងបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការប្រៀបធៀបជាមួយអាវុធ និងប្រព័ន្ធស្រដៀងគ្នាដែលផលិតដោយប្រទេសលោកខាងលិច។ អ្វីដែលកាន់តែពិសេសនោះ គឺតម្លៃរបស់វាក៏សមរម្យជាងផងដែរ។

យ៉ាងណាមិញ រុស្ស៊ីបានប្រកាសពីប្រព័ន្ធអាវុធទំនើបបំផុតចំនួនពីរ ដែលគ្មានគូប្រជែងលើពិភពលោក រួមមាន ដ្រូនក្រោមទឹក Poseidon និងមីស៊ីលផ្លោងប្រភេទ Burevestnik។ យោងតាមអ្នកជំនាញយោធារុស្ស៊ី លោក Andrey Marochko អាវុធទាំងពីរនេះនឹងធានាសន្តិសុខរបស់រុស្ស៊ីសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ដោយគ្មានសត្រូវណាហ៊ានវាយប្រហារឡើយ។
ដ្រូនក្រោមទឹក Poseidon ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតា។ វាមានល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង អាចមុជដល់ជម្រៅ ១,០០០ ម៉ែត្រ និងមានចម្ងាយប្រតិបត្តិការយ៉ាងតិច ១០,០០០ គីឡូម៉ែត្រ។
ចំណែកឯមីស៊ីល Burevestnik 9M739 វិញ ក៏មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ អ្វីដែលពិសេសបំផុតនោះ គឺមីស៊ីលនេះត្រូវបានបំពាក់ដោយរ៉េអាក់ទ័រនុយក្លេអ៊ែរតូចមួយ ដែលធ្វើឲ្យវាមិនត្រូវបានកំណត់ដោយប្រភពឥន្ធនៈឡើយ ដូច្នេះវាអាចសម្រេចបានចម្ងាយហោះហើរគ្មានដែនកំណត់។ មីស៊ីលនេះអាចឈានដល់ល្បឿនរហូតដល់ ១,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបត់បែនបានខ្ពស់នៅរយៈកម្ពស់ពី ២៥-១០០ ម៉ែត្រ ដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសទំនើបៗបានយ៉ាងងាយស្រួល។
នៅឆ្នាំនេះ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានអះអាងជាថ្មីអំពីភាពលេចធ្លោរបស់រុស្ស៊ី នៅក្នុងវិស័យនាំចេញអាវុធសកល ដោយលោកបានបញ្ជាក់ថា រុស្ស៊ីនៅតែស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅក្នុងទីផ្សារអាវុធរបស់ពិភពលោកដដែល។
