Yamal ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ពេញលេញ

Yamal ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ពេញលេញ

Lamine Yamal ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ World Cup ទល់​នឹង​ហ្សកហ្ស៊ី និង​តួកគី បន្ទាប់​ពី​មាន​បញ្ហា​របួស​ក្រលៀន​ឡើង​វិញ ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ (RFEF)។ RFEF បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ស្លាប​វ័យ ១៨ ឆ្នាំ​របស់​ក្លឹប Barcelona រូប​នេះ ដែល​ធ្លាប់​អវត្តមាន ៥ ប្រកួត​សម្រាប់​ក្លឹប​របស់​គេ​ក្នុង​លីគ LaLiga ដោយសារ​បញ្ហា​នេះ បាន​ជួប​បញ្ហា​ដដែល​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​ពេល​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ សេចក្ដី​ថ្លែងការណ៍​របស់ RFEF បាន​បញ្ជាក់​ថា៖ «នីតិវិធី​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ដល់​បុគ្គលិក​ពេទ្យ​របស់​ក្រុម​ជម្រើស​ជាតិ ដែល​ទើប​តែ​បាន​ដឹង​ពី​ព័ត៌មាន​លម្អិត​តាមរយៈ​របាយការណ៍​ដែល​ទទួល​បាន​នៅ​ម៉ោង ១០:៤០ យប់​ម្សិលមិញ ដែល​បង្ហាញ​ពី​អនុសាសន៍​វេជ្ជសាស្ត្រ​សម្រាប់​ការ​សម្រាក ៧-១០ ថ្ងៃ»។ RFEF បន្ថែម​ថា៖ «ដោយ​មើល​ឃើញ​ពី​ស្ថានភាព​នេះ និង​ផ្ដល់​អាទិភាព​ដល់​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​កីឡាករ​គ្រប់​ពេល​វេលា សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​បាន​សម្រេច​ចិត្ត​ដោះលែង​កីឡាករ​ចេញ​ពី​ក្រុម​បច្ចុប្បន្ន»។ លោក Luis de la Fuente អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​លើក​ឡើង​ថា ស្ថានភាព​នេះ​គឺ​ជា​រឿង​ដែល​លោក​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ។ Yamal បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន ២៣ ប្រកួត រក​បាន ៦ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន ៦ លើក ក្នុង​ចំណោម ១១ ប្រកួត​រដូវកាល​នេះ​សម្រាប់ Barcelona។ បច្ចុប្បន្ន អេស្ប៉ាញ​កំពុង​ឈរ​កំពូល​តារាង​ពូល E ដោយ​មាន ១២ ពិន្ទុ​ពី ៤ ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់ និង​មិន​ទាន់​របូត​មួយ​គ្រាប់​ឡើយ។ ពួក​គេ​នឹង​ប៉ះ​ហ្សកហ្ស៊ី នៅ​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Tbilisi មុន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​តួកគី នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង Seville។ អេស្ប៉ាញ​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រសិន​បើ​ពួក​គេ​យក​ឈ្នះ​ហ្សកហ្ស៊ី ហើយ​តួកគី​មិន​ឈ្នះ​ប៊ុលហ្គារី ឬ​ប្រសិន​បើ​ពួក​គេ​ស្មើ ហើយ​តួកគី​ចាញ់​។

administrator

Related Articles