លោក Russ Chaleejandra អតីតឧបការីក្រសួងការបរទេសថៃ បានចេញមុខរិះគន់ចំៗទៅលើលោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃពុធទី ១២ វិច្ឆិកា។ ការរិះគន់នេះ គឺជុំវិញការថ្លែងរបស់លោក អនុទីន ដែលបង្កភាពតានតឹងជាមួយសហរដ្ឋអាមេរិក លើវិធានការពន្ធ។ លោក Russ បានព្រមានថា សម្ដីបែបនេះអាចធ្វើឲ្យថៃត្រូវឯកោពីសម្ព័ន្ធមិត្តសំខាន់ ហើយថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់កម្ពុជាទៀតផង។
![]()
លោក Russ បានសង្កត់ធ្ងន់ថា ពាក្យសម្ដីរបស់លោក អនុទីន អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ចំណងទាក់ទងរវាងថៃ និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក។ ផ្ទុយទៅវិញ វាអាចទៅជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយមិនដឹងខ្លួនទៅវិញ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា»។ លោកបន្តទៀតថា៖ «វាបានធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ខណៈជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។
លើសពីនេះ លោក Russ ក៏បានព្រមានដែរថា ប្រជាជនថៃអាចនឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចឆ្លើយតបដោយវិធានការពន្ធសងសឹក។ លោកបានចោទសួរថា៖ «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»។
លោកបន្តទៀតថា៖ «ការសងសឹកប្រឆាំងនឹងកម្ពុជាគួរតែបន្តទៅមុខ ប៉ុន្តែតើចំណុចសំខាន់នៃការបង្កជម្លោះជាមួយសហរដ្ឋអាមេរិកគឺអ្វី? តើប្រទេសថៃនឹងចំណេញច្រើនជាងការខាតបង់ឬទេ?»។
លោក Russ បានបន្ថែមទៀតថា ទាំងសេចក្តីថ្លែងការណ៍មុនៗរបស់លោក អនុទីន អំពីការរំលោភបំពានព្រំដែន និងសម្ដីចុងក្រោយរបស់លោក សុទ្ធតែហាក់ដូចជាផ្តល់ផលប្រយោជន៍ដល់កម្ពុជា ដែលធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងអំពីចេតនាពិតប្រាកដរបស់នាយករដ្ឋមន្ត្រីរូបនេះ។
