យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ២០ នាក់ ដែលក្នុងនោះមានទាំងកុមារ និងគ្រូបង្រៀនផង ត្រូវបានសម្លាប់យ៉ាងរង្គាល ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរយៈពេលពេញមួយសប្តាហ៍ ដោយយោធាមីយ៉ាន់ម៉ា ទៅលើតំបន់ជាច្រើនក្នុងរដ្ឋ Rakhine។
(រូបភាព៖ The Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការវាយប្រហារដ៏ឃោរឃៅនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ដោយកំណត់គោលដៅចំទីក្រុងនានាដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចកំពុងប្រយុទ្ធប្រឆាំងនឹងរបបយោធាបច្ចុប្បន្ន។ គ្រាប់បែកជាច្រើនត្រូវបានទម្លាក់ចំសាលារៀន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងសំខាន់ៗមួយចំនួនដូចជា Pauktaw, Ponnagyun និង Minbya ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជន។
បច្ចុប្បន្ន ការប្រយុទ្ធគ្នារវាងកងទ័ពរបស់របបយោធា និងកងទ័ពអារ៉ាកាន (AA) នៅតែបន្តកើតមានឡើងយ៉ាងតានតឹង នៅក្នុងតំបន់ជាច្រើននៃរដ្ឋ Rakhine ដោយកងទ័ព AA ឥឡូវនេះបានគ្រប់គ្រងទីក្រុងប្រហែល ១៥ ហើយ។
គួររំលឹកផងដែរថា របបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្លាឡើង មុនពេលការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងខែធ្នូ និងខែមករាខាងមុខ។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះបានទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ និងការបដិសេធពីសំណាក់ពលរដ្ឋក្នុងស្រុក ដែលមិនចង់ចូលរួមក្នុងការបោះឆ្នោតនេះឡើយ។
អត្ថបទ៖ ប៊ុន សុភាព
